អាជ្ញាធរមីនកម្ពុជា ទទួលជំនួយថវិកាជាង២៤ម៉ឺនដុល្លារពីផ្នែកឯកជន ដើម្បីអនុវត្តសកម្មភាពសម្អាតមីន
ភ្នំពេញ៖អាជ្ញាធរមីនទទួលជំនួយថវិកាជាង២៤ម៉ឺនដុល្លារ ពីផ្នែក ឯកជនដើម្បីអនុវត្តសកម្មភាពសម្អាតមីន។ នៅទី១១ ខែមករា ឆ្នាំ ២០២២អាជ្ញាធរមីនកម្ពុជាបានទទួល ថវិកាចំនួន ២៤០ ០០០ ដុល្លារ ពីសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងថវិកាចំនួន ៥ ០០០ ដុល្លារពីធនាគារស្ថាបនា សម្រាប់ជួយដល់គម្រោង សម្តេច តេជោលើសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីន (CMAA)។
ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិត ផលធ្វើដំណើរនៅកម្ពុជា លោក គង់ សាង ថ្លែង ឱ្យដឹងថា ថវិកា នេះ បានមកពី ការបរិច្ចាគប្រកបដោយទឹកចិត្តសប្បុរសធម៌ពី សំណាក់ សមាជិកTAFTAC ក្រុមហ៊ុនឯកជនផ្សេងៗ និងសប្បុរស ជន មួយចំនួនផងដែរ ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រ កាត់ដេរនៅកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។
លោកសង្ឃឹមជឿជាក់ថា ទឹកប្រាក់វិភាគទាននេះនឹងបានជា ចំណែក បន្ថែមទៀតក្នុងការជួយដល់ កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលលើការបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅកម្ពុជា ជាពិសេសការសម្រេចឲ្យបាននូវទស្សនវិស័យឆ្នាំ ២០២៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ “កម្ពុជាគ្មានគ្រាប់មីន ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
លោកថ្លែងថា៖ «កន្លងមកយើងខ្ញុំដឹងថាអាជ្ញាធរមីន បានអនុវត្ត ការងារនេះប្រកបដោយជោគជ័យដ៏ ត្រចះត្រចង់មួយកម្រិតខ្ពស់ រួចមកហើយ និងកំពុងបន្តទៅសម្រេចឲ្យបាននូវទស្សនៈវិស័យ ឆ្នាំ២០២៥។ ខ្ញុំបាទនិងសហការី សូមគោរពជូនពរឲ្យអាជ្ញាធរមីន សម្រេចបាននូវកិច្ចការដ៏ថ្លាថ្លៃនេះ តាមទស្សនវិស័យដែល បាន ដាក់ចេញ។ យើងខ្ញុំនឹងបន្តនូវការចូលរួម គាំទ្រទាំងថវិកានិង ស្មារតីជា បន្តទៀតទៅតាមលទ្ធភាព»។
លោក Fung Kai Jin នាយកប្រតិបត្តិធនាគារស្ថាបនា ឱ្យដឹង ដែរថា ធនាគារស្ថាបនា មានកិត្តិយសដែល បានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោស សម្អាត មីននៅកម្ពុជា ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅ របស់ខ្លួនគ្មានមីនឆ្នាំ២០២៥។
លោកបន្តថា ធនាគារស្ថាបនា បានចូលរួមយ៉ាងច្រើនក្នុងការជួយ លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពល រដ្ឋកម្ពុជា និងការ កសាងសហគមន៍ឲ្យកាន់តែប្រសើរឡើង តាមរយៈការផ្តល់ នូវ ឥណទាន ហើយការ ចូលរួមនាថ្ងៃនេះ ក៏នឹងអាចផ្តល់នូវសុខ សុវត្ថិភាព នៅសហគមន៍ឲ្យរួចផុតពីគម្រាមកំហែងដោយសារ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរ កម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះជនពិការដោយ សារមីនថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ថ្នាក់ដឹកនាំ បុគ្គលិកនៃធនាគារស្ថាបនា និង សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដែលបានចូលរួមវិភាគទានដល់ការងារបោស សម្អាត មីននៅកម្ពុជាដើម្បីសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោកម្ពុជាគ្មានឆ្នាំ២០២៥។ លោកបន្តថា វិភាគទាននេះ អាជ្ញាធរមីន នឹង យកមកប្រើប្រាស់ជាមួយនឹងវិភាគទានទទួលបានពីសមាគម TAFTAC ធ្វើការបោសសម្អាតមីននៅខេត្តកោះកុង។សម្តេចតេជោ តែងតែគិតគូរដល់សុខសុវត្ថិភាពរស់នៅ របស់ប្រជាជនកម្ពុជា គ្រប់ៗ គ្នា ហើយតែងតែចង់ឃើញប្រជាពលរដ្ឋរបស់សម្តេច ទទួល បាននូវសុខដុមរមនា និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង ស្មើៗគ្នាទាំងនៅទីប្រជុំជន និងទីជនបទ៕
ដោយ៖យុទ្ធ វីរៈ