ក្រុមហ៊ុនមួយបង្ហាញបំណងវិនិយោគលើការសាងសង់ស្ថានីយប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ នៅកំពង់ស្ពឺ
ភ្នំពេញ៖ក្រុមហ៊ុនចិនមួយបង្ហាញបំណងវិនិយោគលើការសង់ ស្ថានីយ ប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ក្នុងខេត្តកំពង់ស្ពឺ។កាលពី ថ្ងៃទី១០ ខែមករា តំណាងក្រុមហ៊ុនចិន BUCG បានជួប រាយការណ៍ជូនមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន ពីការសិក្សាលទ្ធភាពរៀបចំផែនការមេសម្រាប់គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដើម្បីឈាន ទៅវិនិយោគលើសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់។
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា មន្ត្រីជំនាញរបស់ក្រសួង និងក្រុមការងារ បច្ចេកទេសរបស់ក្រុមហ៊ុន BUCG បានពិភាក្សារួមគ្នា ដើម្បីពន្លឿន គម្រោងនេះអាចដំណើរការទៅបាន។តាមរយៈអង្គប្រជុំនោះ ដែរ អ្នកជំនាញ ក៏បានផ្លាស់ប្ដូរមតិយោបល់យ៉ាងផុសផុលលើការងារ បច្ចេកទេសពាក់ព័ន្ធ និងបានចែករំលែកបទពិសោធន៍ការងារ ពាក់ព័ន្ធ លើវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីជំរុញធ្វើយ៉ាងណា កំណត់អត្តសញ្ញាណចំណុចខ្វះខាត និងបញ្ហាប្រឈមផ្សេងៗ ដែល អាចកើតមានលើការសិក្សាគម្រោងនេះផងដែរ។
ឯកឧត្តមបន្តថា៖«គម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺនេះ គឺបង្កើតឡើងក្នុងគោលបំណងសំដៅកែលម្អ ប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យកាន់តែប្រសើរឡើង និងបញ្ឈប់ការ បញ្ចេញ ទឹកកខ្វក់ទៅក្នុងទន្លេដោយផ្ទាល់ដើម្បីចូលរួម ចំណែក ក្នុងការលើកកម្ពស់អនាម័យជូនប្រជាពលរដ្ឋ តាមរយៈការបង្កើត ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលមានលក្ខណៈប្ចេកទេសត្រឹមត្រូវ»។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការរូបនេះ ក៏បានណែនាំ ឱ្យក្រុមហ៊ុន BUCG បន្តសហការជាមួយក្រុមការងារជំនាញ និង មន្ត្រីបច្ចេកទេសនៃក្រសួងសាធារណការ ដើម្បីបំពេញបន្ថែម ព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយដល់ការសិក្សានេះសម្រាប់ ត្រៀមរៀបចំឱ្យបានរួចរាល់ ដើម្បីធ្វើបទបង្ហាញគោរពជូនថ្នាក់ ដឹកនាំ ពិនិត្យនិងផ្តល់អនុសាសន៍ណែនាំបន្ថែមក្នុងទិស ដៅ ជំរុញឱ្យគម្រោងនេះអាចអនុវត្តបានជោគជ័យផងដែរ។
ទោះជាយ៉ាងណាក្រសួងសាធារណការ និងក្រុមហ៊ុនចិន មិន ទាន់បានបញ្ជាក់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើម គម្រោង សាងសង់ស្ថានីយប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់នៅខេត្តកំពង់ស្ពឺនេះនៅឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺ បានបង្ហាញនូវការគាំទ្រទាំងស្រុង ព្រោះស្របពេល ដែល មានកំណើនរោងចក្រសហគ្រាស ឧស្សាហកម្មនានា បូករួម កំណើន អាជីវកម្មនានាក្នុងខេត្តកាន់តែច្រើន គឺទាមទារឱ្យមានការ យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង់ប្រព័ន្ធបង្ហូរទឹកកខ្វក់ឱ្យមានស្តង់ដារត្រឹមត្រូវ។
ឯកឧត្តមបានបញ្ជាក់ថា៖«ការសាងស្ថានីយប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ គឺពិតជាមានសារសំខាន់ណាស់ ព្រោះធ្វើឱ្យកាត់បន្ថយ ការ បង្ហូរទឹកកខ្វក់ចូលទៅអាង ទំនប់ អូរ ព្រែក ស្ទឹង ធ្វើឱ្យប៉ះពាល់ សុខភាពប្រជាពលរដ្ឋ និងសោភ័ណភាពខេត្តផងដែរ»។
អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា រដ្ឋបាលខេត្តបានទទួល ដំណឹង ពីគម្រោងវិនិយោគនេះរួចរាល់ហើយ គ្រាន់តែមិនច្បាស់ថា នឹងចាប់ផ្តើមពេលណា និងចំណាយថវិការប៉ុន្មាននៅឡើយ ខណៈពេលនេះរដ្ឋបាលខេត្តកំពុងសិក្សាទីតាំង និងរង់ចាំព៌ត៌មាន បន្ថែមពីក្រសួងសារធារណការនិងដឹកជញ្ជូន។
ទន្ទឹមគ្នានេះដែរ អភិបាលខេត្តកំពង់ស្ពឺរូបនេះ ក៏បានបង្ហាញការ រំពឹងទុកដែរថា នាពេលខាងមុខ នៅពេលស្ថានីយប្រព្រឹត្តិកម្ម ចម្រោះទឹកកខ្វក់បានសាងសង់រួច នឹងធ្វើឱ្យសុខភាពរបស់ពលរដ្ឋ មានភាពល្អប្រសើរ បញ្ហាទឹកស្អាត និងអនាម័យត្រូវបានកាត់ បន្ថយ ទាក់ទាញកំណើនវិនិយោគ ពិសេសរួមចំណែកលើកកម្ពស់ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺថែមទៀត។
ក្រុមហ៊ុន BUCGជាក្រុមហ៊ុនសហគ្រាសសំណង់ធំមួយរបស់ចិន ហើយក៏ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសកំពូលទាំង៥០០របស់ចិន ជាប់ចំណាត់ថ្នាក់ទី១៤នៅក្នុងក្រុមហ៊ុនម៉ៅការ សំណង់កំពូលលំដាប់ថ្នាក់ពិភពលោក ក្នុងចំណោមក្រុមហ៊ុនម៉ៅ ការសំណង់កំពូលៗទាំង២៥០នៃកំណត់ត្រាព័ត៌មានវិស្វកម្ម(ENR )។
តំណាងក្រុមហ៊ុនខាងលើ បញ្ជាក់ប្រាប់មន្ត្រីកម្ពុជាថា BUCG ក៏ជាក្រុមហ៊ុនមានបទពិសោធន៍ច្រើនឆ្នាំនៅប្រទេសកម្ពុជា កន្លង មកបានចុះអនុស្សរណៈយោគយល់ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូននៃក្រសួងសាធារណការ ដើម្បីលើក កម្ពស់ការគាំទ្រគ្នាទៅវិញទៅមកទាក់ទងនឹងការសិក្សាអប់រំ ស្រាវជ្រាវ ព្រមទាំងគម្រោងកម្មវិធីផ្សេងៗ រួមមានកម្មវិធី បណ្តុះ បណ្តាលជំនាញក្នុងវិស័យប្រព័ន្ធចម្រោះទឹកកខ្វក់ ការសាងសង់ផ្លូវ និងស្ពាន ផ្លូវរថភ្លើងក្នុងទីក្រុងជាដើម។ បច្ចុប្បន្នក្រុមហ៊ុន BUCG កំពុងតែសិក្សាបង្កើតគម្រោងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងបំណងរួមចំណែកកែលម្អរបញ្ហាទឹក កខ្វក់ ក្នុងខេត្តនេះឱ្យមានភាពប្រសើរឡើង។
បច្ចុប្បន្នខេត្តកំពង់ស្ពឺគឺជាខេត្តដែលមានសក្តានុពលខ្ពស់ ដោយ មានរោងចក្រចំនួនជាង៥០០រោងចក្រ បានបង្កើតការងារជូន ប្រជាពលរដ្ឋបានចំនួន៣០ម៉ឺននាក់ កំពុងបានជួយលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងគ្រួសារពលរដ្ឋរបស់ខេត្តថែមទៀត។ រាជរដ្ឋាភិបាល កម្ពុជា ក៏ប្តេជ្ញាប្រែក្លាយខេត្តកំពង់ស្ពឺទៅ ជាតំបន់ មានសេដ្ឋកិច្ចខ្ពស់មួយក្នុងចំណោមបណ្តាខេត្តដទៃទៀត និង រាជធានី ហើយបានបើកចំហឱ្យមានការវិនិយោគច្រើនពីបណ្តា ក្រុមហ៊ុនជាតិ និងអន្តរជាតិសម្រាប់ធ្វើការអភិវឌ្ឍវិស័យនានា ពិសេសអភិវឌ្ឍន៍ផ្នែករោងចក្រ និងកសិកម្មក្នុងខេត្តនេះថែម ទៀត ៕
ដោយ៖ សែម ពិសី