ប្រធានាធិបតីម៉ិកស៊ិក ជំរុញឱ្យបោះបង់ចោល “អន្តរាគមន៍អនុត្តរភាព” អំឡុងកិច្ចប្រជុំកំពូលអាមេរិកខាងជើង

ម៉ិកស៊ីកូ ស៊ីតធី ៖ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ទ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ បាននិយាយក្នុងថ្ងៃពុធសប្តាហ៍នេះ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាមេរិកខាងជើងថា វាដល់ពេលហើយ ដើម្បីបោះបង់ចោល “អន្ដរាគមន៍អនុត្តរភាព” ហើយជ្រើសរើសកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង។

កិច្ចប្រជុំកំពូលនេះ មានការចូលរួមពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ និងប្រធានាធិបតីម៉ិកស៊ិក លោក ឡូប៉េស អូប្រាដ័រ នៅរដ្ឋធានីម៉ិកស៊ីកូ ស៊ីតធី។

លោក ឡូប៉េស អូប្រាដ័រ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំត្រីភាគីខាងលើថា ក្រៅពីបញ្ហាអាទិភាពនៃការសម្រេចបានសមាហរណកម្មសេដ្ឋកិច្ចនៅលើទ្វីបអាមេរិកទាំងមូល មេដឹកនាំទាំងបីបានពិភាក្សាអំពីសុខុមាលភាពរបស់ប្រជាជន ទំនាក់ទំនងសហប្រតិបត្តិការថ្មី និងការបោះបង់ចោលនូវអន្ដរាគមន៍អនុត្តរភាព។

ចំណែកលោក បៃដិន បានទទួលស្គាល់មានការងារបន្ថែមទៀតដែលត្រូវធ្វើ ដើម្បីដោះស្រាយការរត់ពន្ធគ្រឿងញៀន និងការជួញដូរមនុស្សឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ហើយបានណែនាំឱ្យប្រើប្រាស់ម៉ាស៊ីនស្កេនកាំរស្មីអ៊ិចឱ្យទូលំទូលាយលើយានជំនិះគ្រប់ប្រភេទ ដែលឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ ជាចម្បងសម្រាប់ពាណិជ្ជកម្មស្របច្បាប់។

រីឯលោក ទ្រូដូ បាននិយាយថា មធ្យោបាយដើម្បីសម្រេចបាននូវភាពធន់នឹងសេដ្ឋកិច្ចកាន់តែខ្លាំងនៅក្នុងតំបន់ គឺតាមរយៈការលើកកម្ពស់ថាមពលស្អាត និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសបន្ទាប់ពីជំងឺរាតត្បាត COVID-19។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាមេរិកខាងជើងខាងលើនេះ ត្រូវបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ ២០០៥មកម្ល៉េះ ដើម្បីជាមធ្យោបាយដោះស្រាយភាពខុសគ្នារវាងដៃគូក្នុងតំបន់នៅកម្រិតខ្ពស់បំផុត៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner