រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យសភាពាណិជ្ជកម្មពិនិត្យលទ្ធភាពបង្កើតការិយាល័យនៅតាមតំបន់ ឬប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន

ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ ជំរុញឱ្យសភាពាណិជ្ជកម្ម សហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យលទ្ធភាពបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅតាមតំបន់ ឬប្រទេសណាមួយ ដែលមានប្រជាជនកម្ពុជារស់នៅទីនោះច្រើន ដើម្បីសម្រួលការធ្វើពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស ក៏ដូចជាសម្រួលដល់ការនាំចេញផលិតផលពីកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជំរុញដល់សភាពាណិជ្ជកម្មត្រូវបន្តខិតខំស្វែងរក និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានជំរុញ ដល់សភាពាណិជ្ជកម្ម ត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់សភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី ខេត្តទាំង ១៨ ជាពិសេសទាក់ទងទៅនឹងចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការវិនិយោគ និងស្របទៅតាមបរិបទបច្ចេកវិទ្យា ៤.0 នាពេលបច្ចុប្បន្ន និងធ្វើការសហការ រៀបចំសិក្ខាសាលាតាមបណ្ដាខេត្តស្ដីពីការលើកកម្ពស់ផលិតកម្មទំនិញ ផលិតកម្មកសិផល សម្រាប់ការនាំចេញតាមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមាន។

បន្តសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មដល់ខេត្ត ដែលស្ថិតនៅក្រោមចំណុះមណ្ឌលសភាពាណិជ្ជកម្មខេត្តដទៃ ដើម្បីជួយជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មនៅក្នុងខេត្តគោលដៅទាំងនោះ ក៏ដូចជាលើកស្ទួយការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការឈានទៅរកចំណាត់ថ្នាក់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណាត់ថ្នាក់ប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការថ្លែងឡើងបែបនេះ របស់ ឯកឧត្តម ប៉ាន សូរសក្ត័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ និងសភាពាណិជ្ជកម្មកម្ពុជាអាណត្តិទី៥។

គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា គិត ម៉េង ដែលទទួលបានសេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ក្នុងសម្លេង៣៩ លើ ៤០សម្លេង និងទទួលបានសេចក្តីទុកចិត្តបោះឆ្នោតពីប្រធានសភាពាណិជ្ជកម្មរាធានី-ខេត្ត ជ្រើសរើសជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥ ក្នុងសម្លេង ១៥សម្លេង លើ ១៨សម្លេង និងមានសមាជិកចំនួន ២៦រូប ដែលបានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ដែលមានអ្នកចូលរួមបោះឆ្នោតទាំង៤ប្រភេទអាជីវកម្មសរុបចំនួន ៦៩៨នាក់ ស្មើនឹង ៧៦,៤៥% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន ៩០៩នាក់៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner