លោក ពូទីន ថា រុស្ស៊ីនឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍ បើទោះជាមានសម្ពាធទណ្ឌកម្មពីខាងក្រៅ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃពុធសប្តាហ៍នេះ បានថ្លែងអំឡុងកិច្ចប្រជុំលើកដំបូងរបស់គាត់ ជាមួយសមាជិករដ្ឋាភិបាលនៅឆ្នាំនេះថា រុស្ស៊ីនឹងផ្តោតសំខាន់លើការអភិវឌ្ឍន៍របស់ខ្លួន បើទោះបីជាមានសម្ពាធទណ្ឌកម្មពីខាងក្រៅក៏ដោយ។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងពិតជាត្រូវស្វែងរកដំណោះស្រាយ ចំពោះបញ្ហាដែលទាក់ទងនឹងការអភិវឌ្ឍន៍អធិបតេយ្យភាព និងឯករាជ្យ ទោះបីជាមានសម្ពាធ ឬការគំរាមកំហែងពីខាងក្រៅក៏ដោយ។
នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវិមានក្រឹមឡាំង។

លោក ពូទីន បន្ថែមថា វាជារឿងសំខាន់ក្នុងការបន្តធានាសន្តិសុខ និងការពារផលប្រយោជន៍របស់រុស្ស៊ី ហើយថា ចាំបាច់ត្រូវពង្រឹងសមត្ថភាពការពារប្រទេស និងដោះស្រាយបញ្ហាដែលមានស្រាប់ទាំងអស់ ដែលទាក់ទងនឹងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ នៅក្នុងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ទៀតថា ក្នុងពេលជាមួយគ្នានោះ មានអាទិភាពមួយទៀត នោះគឺការអនុវត្តកម្មវិធីសង្គម និងសេដ្ឋកិច្ចទ្រង់ទ្រាយធំ ដែលមានគោលដៅធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាជន, ដោះសោសក្តានុពលដ៏ធំសម្បើមរបស់រុស្ស៊ី និងពង្រីកទំនាក់ទំនងអន្តរជាតិ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner