មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានធ្វើការជំរុញ និងលើកទឹកចិត្តលើទិសដៅបន្តរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ក្នុងចូលរួមការងារជួយសង្គម ពិសេសជួយដល់កម្មករនិយោជិតឱ្យទទួលបានជោគជ័យបន្ថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃនារសៀលថ្ងៃពុធទី១១ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) បានធ្វើសេចក្តីរាយការណ៍សង្ខេប អំពីសកម្មភាពរបស់ក្រុមការងារសហជីព ដែលបានចូលរួមក្នុងការដោះស្រាយ វិវាទការងារដោយបានធ្វើការសម្របសម្រួលដល់កម្មករ កម្មការិនីនៅតាមរោងចក្រ។ ក្នុងនោះផងដែរ ឯកឧត្តម បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលដែលកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ១៩ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានធ្វើការចុះអប់រំ ផ្សព្វផ្សាយអំពីច្បាប់ ប្រកាសនិងបទបញ្ជាត្តិទាំងឡាយរបស់រាជរដ្ឋាភិបាលរួមទាំងវិធានការការពារ និងរក្សាអនាម័យជូនបងប្អូនកម្មករ កម្មការនី និងនិយោជិត។

ឯកឧត្តម មានប្រសាសន៍បន្តថា បច្ចុប្បន្ន សភាសម្ព័ន្ធសហជីពជាតិកម្ពុជាមានបំណងចងក្រង បង្កើតសហជីពតាមមូលដ្ឋាន តាមបណ្តារោងចក្រ សហគ្រាស ដែលមិនទាន់មានសហជីព ដើម្បីចូលរួមជួយការពារផលប្រយោជន៍របស់កម្មករនិយោជិតឱ្យបានកាន់តែទូលំទូលាយ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ ក៏ដូចជាកោសរសើរចំពោះការចូលរួមចំណែកជាវិជ្ជមានរបស់ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC)ក្នុងការអប់រំ ផ្សព្វផ្សាយ ដល់កម្មករនិយោជិត ពាក់ព័ន្ធបញ្ហានៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមនឹងនេះ ឯកឧត្តម បានធ្វើការជំរុញ និងលើកទឹកចិត្តលើទិសដៅបន្តរបស់សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC)ក្នុងចូលរួមការងារជួយសង្គម ពិសេសជួយដល់កម្មករនិយោជិតឱ្យទទួលបានជោគជ័យបន្ថែមទៀត៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner