អាជ្ញាធរមីន បង្កើតក្រុមការងារបោសសម្អាតមីននៅតាម បណ្តោយ ព្រំដែនកម្ពុជា-ថៃ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖អាជ្ញាធរមីនសម្រេចបង្កើតក្រុមការងារចំពោះ កិច្ច សម្របសម្រួលជាមួយភាគីថៃលើការងារបោសសម្អាតមីនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលក្រុមការងារនេះធ្វើជា សេនាធិការ ជូនអាជ្ញាធរមីន និងកងទ័ពជើងគោក ក្នុងទំនាក់ ទំនង ជាមួយភាគីថៃ ដើម្បីបោសសម្អាតមីននៅតាមព្រំដែន។
សេចក្តីសម្រេចរបស់ទេសរដ្ឋមន្រ្តីទទួលបន្ទុកបច្ចេកទេសពិសេស និងជាអនុប្រធានទី១នៃអាជ្ញាធរមីនឯកឧត្តម លី ធុជ ចុះ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣បានឱ្យដឹងថា ក្រុមការងារ ចំពោះ កិច្ចសម្របសម្រួលជាមួយភាគីថៃ មានសមាសភាព ១៣ រូប ក្នុងនោះ ប្រធាន ១ រូប អនុប្រធានអចិន្រ្តៃយ៍ ១ រូប អនុប្រធាន ៣ រូប សមាជិក ៧រូប និងលេខាធិកា ១រូប។

សេចក្តីសម្រេចបន្តថា ក្រុមការងារចំពោះកិច្ចសម្របសម្រួល ជាមួយភាគីថៃ លើការងារបោសសម្អាតមីនតាមបណ្ដោយ ព្រំដែនកម្ពុជា-ថៃ មានភារកិច្ច ធ្វើជាសេនាធិការជូនអាជ្ញាធរមីន និងកងទ័ពជើងគោក ក្នុងការទំនាក់ទំនងជាមួយភាគីថៃលើ ការងារ បោសសម្អាតមីន តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងជាច្រកចេញចូលតែមួយពាក់ព័ន្ធនឹងការទំនាក់ទំនងជាមួយភាគីថៃលើការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

ប្រភពដដែលបន្តថា ក្រុមការងារនេះ ក៏ជាយន្តការសម្រប សម្រួល លើការងាររដ្ឋបាល និងទំនាក់ទំនងជាមួយភាគីថៃលើ ការងារបោសសម្អាតមីនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងអនុវត្តការងារពាក់ព័ន្ធផ្សេងទៀតតាមការប្រគល់ភារកិច្ចជាក់ស្ដែងរបស់អាជ្ញាធរមីន ដោយមានការពិភាក្សានិងឯកភាព ពីកងទ័ពជើងគោក។

អាជ្ញាធរមីនគូសបញ្ជាក់ដែរថា៖«ក្រុមការងារចំពោះកិច្ចសម្របសម្រួលជាមួយភាគីថៃលើការងារបោសសម្អាតមីន តាម បណ្ដោយព្រំដែនកម្ពុជា-ថៃ អាចអញ្ជើញថ្នាក់ដឹកនាំ និងមន្ត្រី បច្ចេកទេសពាក់ព័ន្ធផ្សេងទៀតចូលរួមប្រជុំ»។
ក្នុងចំណោមសមាសភាព ១៣រូប រួមមាន អគ្គលេខាធិការ អាជ្ញាធរមីន លោក លី បញ្ញារិទ្ធិ ជាប្រធាន មេបញ្ជាការ រង កងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម លោក អ៊ុច វ៉ាន់ថា ជាអនុប្រធានអចិន្ត្រៃយ៍ អគ្គលេខាធិការរង អាជ្ញាធរមីនលោក ទេព កល្យាណ អគ្គនាយករងមជ្ឈមណ្ឌល ជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីននិង កាកសំណល់សង្គ្រាម លោក សែម រតនា និងអគ្គនាយករង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាលោក អ៊ុ ភូមិរ៉ូ ជាអនុប្រធាន។

ឯកឧត្តម លី ធុជ បានថ្លែងប្រាប់បន្ថែមថា ការបង្កើតក្រុម ការងារនេះ គឺដើម្បីគាំទ្រទស្សនៈ វិស័យរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចង់ឃើញកម្ពុជា មានសុខ សន្តិភាព សុវត្ថិភាព និងការរីកចម្រើននៅតាមតំបន់ជាប់ ព្រំដែន។

ឯកឧត្តមបន្តថា៖«គោលបំណងដ៏ប្រណិតរបស់សម្តេចតេជោ លោកចង់ឃើញតំបន់ព្រំដែនកម្ពុជា-ថៃ របស់យើងជាតំបន់ ដែលផ្តល់នូវសុខក្សេមក្សាន្ត សុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព និងការរីកចម្រើនសេដ្ឋកិច្ច ដែល ប្រជាជនទាំងពីរទទួលផលបានពីតំបន់ទាំងនេះ។ អ៊ីចឹង នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក៏បានឯកភាពគ្នា ។ដូច្នេះ ភាគីកម្ពុជា ដែលមានអាជ្ញាធរមីន បានទទួលភារកិច្ចពី ប្រមុខរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួល កិច្ចការនេះជាមួយភាគីថៃ ទាក់ទងការងារបោសម្អាតមីន នៅតាមខ្សែបន្ទាន់ព្រំដែននេះ»។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២២នេះ បានសម្រេចបង្កើត «មូលនិធិកម្ពុជាគ្មាន មីនឆ្នាំ ២០២៥» ដោយសរសេរជាអក្សរកាត់ «ម.ក.គ.ម- ២០២៥»សម្រាប់គ្រប់គ្រងថវិកាក្នុងការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងរំដោះផ្ទៃដីសង្ស័យ មានមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីចូលរួមគាំទ្រគោលដៅកម្ពុជា អស់ មីនឆ្នាំ ២០២៥៕ ដោយ៖ ឡាយ សាមាន

ads banner