រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូងព្រមានពីផលលំបាកផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣
សេអ៊ូល ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុកូរ៉េខាងត្បូង ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមានពីផលលំបាកផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ២០២៣នេះ ដោយសារតែអ្វីដែលគេហៅថា បាតុភូតខ្ពស់ចំនួនបី ក្នុងនោះរួមមានអតិផរណាខ្ពស់, អត្រាការប្រាក់ខ្ពស់ និងបំណុលខ្ពស់។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកូរ៉េខាងត្បូង លោក Choo Kyung-ho បានប្រាប់សន្និសិទសារព័ត៌មានជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសនៅទីក្រុងសេអ៊ូល ថា ឆ្នាំនេះទំនងជានឹងមានការប្រឈមខ្លាំងសម្រាប់ពិភពលោកទាំងមូល ក៏ដូចជាសម្រាប់ប្រទេសកូរ៉េខាងត្បូង ដោយសារតែឥទ្ធិពលនៃការរឹតបន្តឹងរូបិយវត្ថុក្នុងប្រទេសសេដ្ឋកិច្ចធំៗកំពុងរីករាលដាលពេញទំហឹង ចំពេលអតិផរណាកើនឡើងខ្ពស់, អត្រាការប្រាក់ខ្ពស់ និងបំណុលខ្ពស់។
លោក Choo ដែលជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចកូរ៉េខាងត្បូង បាននិយាយថា រដ្ឋាភិបាលនឹងផ្តោតកិច្ចខិតខំប្រឹងប្រែងលើគោលនយោបាយ ដើម្បីយកជ័យជំនះលើវិបត្តិនេះ។ ធនាគារកណ្តាលកូរ៉េខាងត្បូង បានរឹតបន្តឹងគោលជំហរគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ចាប់តាំងពីខែសីហា ឆ្នាំ២០២១ ដោយបានលើកអត្រាការប្រាក់គោលរបស់ខ្លួន ពីកម្រិតទាបបំផុតពី ០.៥០ភាគរយ ទៅ ៣.២៥ភាគរយ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលបានបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីកម្ចីទិញផ្ទះ ដើម្បីជំរុញទីផ្សារលំនៅឋានដែលកំពុងធ្លាក់ចុះ ដោយអនុញ្ញាតឱ្យអ្នកទិញមានសក្តានុពលទិញផ្ទះថ្មីជាមួយប្រាក់កម្ចី។
លោករដ្ឋមន្រ្តីបន្ថែមថា បទប្បញ្ញត្តិនៃការផ្តល់ប្រាក់កម្ចី គឺហួសហេតុពេកដើម្បីដាក់កម្រិតលើប្រតិបត្តិការលំនៅឋានធម្មតាសម្រាប់ឆ្នាំកន្លងមក ដោយលោកបានហៅការដកបទប្បញ្ញត្តិនេះថា ជា “ការធ្វើឱ្យមានលក្ខណៈធម្មតា”។ លោកថា រដ្ឋាភិបាលនឹងរក្សានូវបទប្បញ្ញត្តិ ដើម្បីការពារការបញ្ចាំ និងកម្ចីឥណទានហួសហេតុពេក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

