ទីបំផុតសហរដ្ឋអាមេ៉រិកបើកសម្ពោធជាផ្លូវការទីបញ្ជាការអវកាសថ្មី ទុកសម្រាប់ទប់ទល់នឹងសង្គ្រាមនៅទីអវកាស
សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ទីបញ្ជាការមន្ទីរបញ្ចកោណថ្មីទុកសម្រាប់សង្គ្រាមនៅទីអវកាស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។
លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងពិធីមួយនៅឯសេតវិមានថា នេះគឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលជាការទទួលស្គាល់ចំណុចសំខាន់នៃសន្តិសុខ និងការការពារជាតិរបស់សហរដ្ឋអាម៉េរិក ។
លោក ត្រាំ បានបន្ថែមថា ទីបញ្ជាការ SpaceCom នឹងធានាថា ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកនៅក្នុងលំហរអាកាសនឹងមិនត្រូវបានគំរាមកំហែងឡើយ ។ ឧត្តមសេនីយ៍កងទ័ពអាកាស លោក ចន រ៉ាយម៉ុន ដែលនឹងដឹកនាំទីបញ្ជាការថ្មីនេះ បាននិយាយថា គូប្រជែងអាម៉េរិក គឺរុស្ស៊ីនិងចិនកំពុងចាក់ធនធានដ៏ច្រើនរួចទៅហើយ នៅក្នុងប្រតិបត្តិការក្នុងទីអវកាស ដែលពួកគេជឿថា ពួកគេអាចលុបបំបាត់ឧត្តមភាពរបស់សហរដ្ឋអាម៉េរិកបានក្នុងករណីផ្ទុះជម្លោះ ។
លោកបន្ថែមទៀតថា ដូចដែលចិនបានបង្ហាញក្នុងឆ្នាំ ២០០៧ បញ្ហាប្រឈមគឺមានចាប់ពីសត្រូវធ្វើឱ្យខូចប្រព័ន្ធទូរគមនាគមន៍ និង ផ្កាយរណប GPS រហូតការប្រើមីស៊ីលបាញ់ពីលើដីដើម្បីកម្ទេចផ្កាយរណប ។
សូមបញ្ជាក់ថា ទីបញ្ជាការថ្មីនេះ នឹងរុញទីអវកាសដែលភាគច្រើនមានតែផ្កាយរណប និងយន្ដហោះកម្ពស់ខ្ពស់ចាំបាច់សម្រាប់សង្គ្រាមសម័យទំនើប ទៅកាន់ឈុតឆាកប្រយុទ្ធដែលមានការផ្តោតសំខាន់ស្មើនឹងទីបញ្ជាការកណ្តាលអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក ដែលកាន់កាប់ផែនការពារនៅតំបន់ប៉ាស៊ីហ្វិកខាងលិច និងទ្វីបអាស៊ី ៕ធ.ដ



