ថៃចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយពីវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
អាជ្ញាធរទេសចរណ៍ថៃ (TAT) ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីផែនការប្រចាំឆ្នាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈវិស័យទេសចរណ៍ និងផ្អែកលើបទពិសោធន៍។
អភិបាលអាជ្ញាធរទេសចរណ៍ថៃ (TAT) លោក យុត្ថាសាក់ ស៊ូផាស៊ន បានប្រាប់សន្និសីទសារព័ត៌មានថា ក្រោមប្រធានបទ “Amazing New Chapters” យុទ្ធនាការថ្មីនេះមានគោលបំណងចាប់ផ្តើមឡើងវិញយ៉ាងពេញលេញ នៃវិស័យទេសចរណ៍ថៃនៅក្នុងឆ្នាំ ២០២៣នេះ ដែលត្រូវបានគេរំពឹងថា នឹងស្រូបទាញចំណូលបានប្រហែល ២.៣៨ពាន់ពាន់លានបាត ឬប្រមាណ ៧១.១២ពាន់លានដុល្លារ ឬ ៨០ភាគរយនៃកម្រិតមុនផ្ទុះជំងឺរាតត្បាត។
លោក យុត្ថាសាក់ បានបញ្ជាក់ថា សមិទ្ធិផលលើសពីគោលដៅនៃវិស័យទេសចរណ៍កាលពីឆ្នាំមុន ជាមួយនឹងភ្ញៀវបរទេសសរុបចំនួន ១១.៨លាននាក់ និងការធ្វើដំណើរក្នុងស្រុកចំនួន ១៨៩លាននាក់ បានឆ្លុះបញ្ចាំងពីសញ្ញាវិជ្ជមានយ៉ាងខ្លាំង សម្រាប់ការងើបឡើងវិញនៃវិស័យទេសចរណ៍។
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ប្រទេសថៃត្រូវបានគេរំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិប្រមាណ ២៥លាននាក់នៅក្នុងឆ្នាំ២០២៣នេះ ដោយក្នុងនោះ ៥លាននាក់ជាភ្ញៀវទេសចរចិន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា
