គណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត”

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត” ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមទំព័រហ្វេសប៊ុកថា សេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត” មានខ្លឹមសារសង្ខេប ដូចខាងក្រោម៖

ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ។ ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។

ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់ទឹកស្អាត ទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវអនុលោមទៅតាមលក្ខខណ្ឌគោលបួនយ៉ាង គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការឆ្លើយតប ទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យ ក្នុងសង្គមជាតិទាំងមូល។

លើសពីនេះ ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយ ក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់ នៅក្នុងអាណត្តិក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រក្នុងជំហានដំបូង ពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner