ដីដែលលោក គង់ គាំ ឱ្យមកក្រសួងការបរទេសវិញ ត្រូវសម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ជូនទៅ គ.ជ.ប

ភ្នំពេញ ៖ ដីដែលលោក គង់ គាំ ឱ្យមកក្រសួងការបរទេសវិញ ត្រូវសម្តេចតេជោ ហ៊ុន សែន សម្រេចប្រគល់ជូនទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបែបនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថែមទៀតថា ការដែលសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចបែបនេះ ក៏ដោយសារតែបច្ចុប្បន្ន គ.ជ.ប មិនទាន់មានដីជាទីតាំងច្បាស់លាស់របស់ខ្លួន។

សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ថា៖ ទីបំផុតដី និងផ្ទះ ដែលជាសម្បត្តិរដ្ឋ ត្រូវបានលោក គង់ គាំ និងភរិយា ផ្តិតមេដៃប្រគល់ជូនរដ្ឋវិញ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយធ្វើការជាមួយលោកគង់ គាំ និងគ្រួសារ រយៈពេល៣ម៉ោងកន្លះ ។ សម្ដេចតេជោ បានបន្តថា កុំឱ្យយប់យូរសុបិនច្រើនសម្ដេច បានសម្រេចមិនប្តឹងបន្តទៀតទេ គឺបញ្ចប់ត្រឹមការប្រគល់ផ្ទះនេះ ជូនក្រសួងការបរទេសដែលអាចធ្វើនាសប្តាហ៍ក្រោយ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ, សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់ តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ ។

ដីនិងផ្ទះដែល គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner