កំណើនផលិតកម្មឧស្សាហកម្មរបស់ប្រទេសឥណ្ឌា ស្ទុះងើបឡើងដល់ ៧,១ភាគរយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២
ញូវដែលី ៖ ទិន្នន័យរបស់រដ្ឋាភិបាលឥណ្ដា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា កំណើនសកម្មភាពរោងចក្ររបស់ប្រទេសឥណ្ឌា ដែលកំណត់ដោយសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) បានបង្កើនល្បឿនរហូតដល់ ៧.១ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។

សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) បានស្ទុះងើបឡើងវិញក្នុងខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីបានធ្លាក់ចុះ ៤ភាគរយនៅក្នុងខែតុលា ឆ្នាំ២០២២។ សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ ការប៉ាន់ប្រមាណរហ័សនៃសន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) ជាមួយនឹងមូលដ្ឋានឆ្នាំ២០១១-២០១២ ឈរនៅចំនួន ១៣៧.១។

ចំណែកសន្ទស្សន៍ផលិតកម្មឧស្សាហកម្មសម្រាប់វិស័យរ៉ែឈរនៅចំនួន ១២២.៧, ផលិតកម្មឈរនៅចំនួន ១៣៦.៧ និងអគ្គិសនីឈរនៅចំនួន ១៦៦.៧ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមទិន្នន័យដែលចេញដោយក្រសួងស្ថិតិ និងការអនុវត្តកម្មវិធីឥណ្ឌា។
យោងតាមទិន្នន័យខាងលើនេះ សន្ទស្សន៍សម្រាប់ការប្រើប្រាស់បានយូរឈរនៅចំនួន ១១២.០ និងការមិនប្រើប្រាស់បានយូរ ឈរនៅ ១៦១.១ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ ដោយឡែកក្នុងអំឡុងខែមេសា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) បានកើនឡើង ៥.៥ភាគរយ៕



ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា