មន្រ្តីជំនាញ លើកទឹកចិត្តសិស្សប្រឡងធ្លាក់គួរបន្តការសិក្សា ឬសិក្សាជំនាញផ្សេងៗដើម្បីស្វែងរកការងារ
ខេត្តកណ្តាល ៖ តំណាងនាយកដ្ឋានទីផ្សារ និងការងារ លើកទឹកចិត្តដល់សិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ គួរបន្តការសិក្សារៀន សូត្របន្ថែម ឬសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈផ្សេងៗ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះដឹងរបស់ខ្លួន ស្របតាមទីផ្សារការងារ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាលជំនាញឲ្យឆ្លើយតបទីផ្សារការងារ។

លោក គិត សុភាព អនុប្រធាននាយកដ្ឋានទីផ្សារ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងនៅ ក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ នៅស្រុកល្វាឯម ថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៣នេះថា គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលជាចំណុះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) គឺជាគ្រឹះស្ថានមួយ បានកំពុងផ្តល់ការបណ្ដុះបណ្ដាលជូនដល់ សិស្ស និស្សិត និងប្រជាពលរដ្ឋ នូវ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។

ក្នុងពិធីនេះ, ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកល្វាឯម ទទួលបន្ទុកប្រធានចលនា យុវជនគណបក្សស្រុក ថ្លែងនូវការលើកទឹកចិត្ត ដល់សិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ កុំបោះបង់ការសិក្សា ហើយ ត្រូវបន្តអភិវឌ្ឍន៍ខ្លួន ដោយត្រូវខិតខំរៀនសូត្របន្ត ខណៈពេលបច្ចុប្បន្ន កម្ពុជាគឺជាប្រទេសមួយកំពុងស្រូបយកសក្តានុពលវិនិយោគ មានគ្រប់ផ្នែកគ្រប់កម្រិត ដែលបញ្ហាទាំងអស់នេះ គឺត្រូវការចំណេះ ជំនាញ និងវិជ្ជាជីវៈផ្សេងៗ ដូច្នេះប្អូនៗទាំងអស់ ត្រូវបន្តការ សិក្សារៀនសូត្រ ឬការសិក្សាជំនាញផ្សេងៗ ដើម្បីចូលរួមក្នុងវិស័យការងារនៅកម្ពុជា ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងយកចិត្តទុក ដាក់ និងបានចំណាយថវិការយ៉ាងច្រើនសន្ធឹកសន្ទាប់ ដើម្បីបង្កើតធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែប្រសើរ។

លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម ថ្លែងឲ្យដឹងថា សម្រាប់សិស្សថ្នាក់ទី ១២ បានប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២១-២០២២ ចំនួនសរុប ៤៦៩នាក់ ប្រឡងជាប់ ៣៧៩នាក់ ស្រី ២២៣នាក់ ស្មើជាង ៨០ ភាគរយ ក្នុងនោះសម្រាប់សិស្សដែលជាប់និទ្ទេស A ចំនួន ១នាក់ ទទួលបានអំណោយឧបត្ថម្ភដ៏ថ្លៃថ្លា ម៉ូតូចំនួន ១គ្រឿង ពី ឯកឧត្ដអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិវញ្ញវត្ថុ ប្រធានក្រុមការងារគណបក្ស ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស B, C, D, E ក៏ទទួលបានថវិកា ឧបត្ថម្ភលើកទឹកចិត្តផងដែរ។ ចំណែកសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ មានចំនួន ៩៥ នាក់ ស្រី ៤៣នាក់។


សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះ, ឯកឧត្តម ជាប ដាវុធ ក៏បានផ្តល់ថវិការលើកទឹកចិត្តដល់សិស្សដែលប្រឡងធ្លាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូ ចំនួន ១០ ម៉ឺនរៀលផងដែរ ៕ ប្រភព ៖ ខេត្តកណ្តាល