រដ្ឋមន្រ្តីក្រសួងមហាផ្ទៃស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមសហការពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផលជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការស្នើបែបនេះ របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ កិច្ចប្រជុំដែលបានធ្វើឡើងរយៈពេល ១ថ្ងៃពេញនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំ ផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់ដឹងកាន់តែច្បាស់នូវសមិទ្ធផល ដែលជាការ ប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងបរិយាបន្នផងដែរ។ ការផ្សព្វផ្សាយបំផុសស្មារតីនយោបាយ និងប្រសិទ្ធភាពនៃការដឹកនាំ គឺជាការបង្ហាញចេញនូវដំណោះស្រាយនៃបញ្ហាប្រឈមនានា តាមរយៈដោយផ្ទាល់ គឺវេទិកាសាធារណៈ និងដោយប្រយោល តាម រលកអាកាស វិទ្យុ អេឡិចត្រូនិក ដែលជាគោលនយោបាយក្នុងកិច្ចបង្កើនគុណភាព បង្កើតបាននូវលំហប្រជាធិបតេយ្យជាមូលដ្ឋានគ្រឹះ នៃកិច្ចផ្តល់សេវាកម្ម និងការចូលរួមរបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ការអភិវឌ្ឍលើគ្រប់វិស័យ និងអភិបាលកិច្ចល្អ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner