សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ចំនួន៥០០ច្បាប់ បានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ចំនួន៥០០ច្បាប់ ជូនឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ។ ឯកឧត្តម បានឱ្យដឹងថា សៀវភៅដ៏មានតម្លៃនេះ នឹងចែកជូនដល់មន្ត្រីក្នុងក្រសួងខ្លះ និងខ្លះទៀតនឹងយកទៅចែកជូនក្រុមការងារ និងបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីជាការចែករំលែកក្នុងការសិក្សាឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ព្រមជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារសម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរៈភាព និងគុណបំណាច់របស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ នាពេលកន្លងមក។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ៕
ដោយ៖ពលជ័យ

ads banner