ប្រមុខ អ.ស.ប ៖ ទំនួលខុសត្រូវរបស់កូរ៉េខាងជើង គឺត្រឡប់ទៅតុចរចាវិញ

ប្រមុខអង្គការសហប្រជាជាតិ (UN) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ភារកិច្ចគឺស្ថិតនៅលើប្រទេសកូរ៉េខាងជើង ដើម្បីវិលត្រឡប់ទៅរកកិច្ចចរចា ដែលសំដៅរកការបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីនីតិរដ្ឋដឹកនាំដោយភាគីជប៉ុន លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) ប្រមុខ UN បានគូសបញ្ជាក់ថា «កម្មវិធីអាវុធនុយក្លេអ៊ែរខុសច្បាប់ដែលកំពុងដំណើរការដោយកូរ៉េខាងជើង គឺជាក់លាក់និងពិតជាគ្រោះថ្នាក់ណាស់សម្រាប់បច្ចុប្បន្ន ដែលនាំឲ្យហានិភ័យនិងភាពតានតឹងភូមិសាស្ត្រនយោបាយឡើងដល់កម្រិតថ្មី»។

លោក ហ្គូតឺរ៉េស បានបន្ថែមថា «ទំនួលខុសត្រូវរបស់កូរ៉េខាងជើងគឺអនុវត្តតាមកាតព្វកិច្ចអន្តរជាតិ ហើយត្រឡប់ទៅតុចរចាវិញ»។
បេសកជនកូរ៉េខាងជើងរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការលើកឡើងរបស់លោក ហ្គូតឺរ៉េស នោះទេ។

ប៉ុន្តែកាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានចោទប្រកាន់លោក ហ្គូតឺរ៉េស ថាបានចូលដៃជាមួយសហរដ្ឋអាមេរិក ហើយមិនបានរក្សាភាពមិនលំអៀងនិងវត្ថុបំណងនៃស្ថាប័នអន្តរជាតិមួយនេះ៕

ប្រភពពី AFP, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner