មេដឹកនាំជប៉ុនប្រាប់លោក បៃដិន ថា បច្ចុប្បន្ននេះ ជប៉ុន-អាមេរិកកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏លំបាក

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានសរសើរពីជំហរយោធារបស់ទីក្រុងតូក្យូ ក្នុងអំឡុងកិច្ចពិភាក្សានៅសេតវិមានក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដែលជាផ្នែកមួយនៃសម្ព័ន្ធភាពកាន់តែស៊ីជម្រៅ ដើម្បីរក្សាស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលមានភាពតានតឹងកាន់តែខ្លាំងឡើង។

Read. ថ្លែងក្នុងជំនួបជាមួយលោក គីស៊ីដា នៅឯការិយាល័យប្រធានាធិបតី លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា តម្លៃប្រជាធិបតេយ្យរួមគ្នារបស់ប្រទេសនីមួយៗ គឺជាប្រភពនៃកម្លាំងរបស់យើង ដែលជាប្រភពនៃសម្ព័ន្ធភាពរបស់យើង។ លោក បៃដិន បន្តថា ពួកលោកបាននិងកំពុងពិភាក្សាអំពីការធ្វើទំនើបកម្មសម្ព័ន្ធភាពយោធារបស់យើង និងស្វាគមន៍ការកើនឡើងជាប្រវត្តិសាស្រ្តរបស់ជប៉ុន ក្នុងការចំណាយលើវិស័យការពារជាតិ និងយុទ្ធសាស្រ្តសន្តិសុខជាតិថ្មី។

ចំណែកលោក គីស៊ីដា បានប្រាប់លោក បៃដិន វិញថា បច្ចុប្បន្ននេះ ជប៉ុន និងសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏លំបាក និងស្មុគស្មាញបំផុតនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ។ លោកថា ជំហរការពារជាតិជប៉ុនថ្មីនឹងធានាបាននូវសន្តិភាព និងវិបុលភាពក្នុងតំបន់។

បន្ទាប់ពីជំនួបនោះ ប្រទេសទាំងពីរបានរំលឹកឡើងវិញពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយបានព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយដោយរុស្ស៊ីនៅអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍រួមដែលចេញដោយសេតវិមានក៏បានលើកឡើងពី “ការបង្កហេតុ” ដោយកូរ៉េខាងជើង៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner