ឯកឧត្តម ពិត ចំណាន និងឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌ លើកទី១២ និងខួបគម្រប់ ៦៣ឆ្នាំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសប្បុរសធម៌ លើកទី១២ និងខួបគម្រប់៦៣ឆ្នាំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម ពិត ចំណាន បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនអង្គពិធី និងកោតសរសើរចំពោះសកម្មភាពមនុស្សធម៌របស់យុវជនកាកបាទក្រហមកម្ពុជា ដែលសកម្មភាពនេះបានក្លាយជាទម្លាប់ដ៏ល្អរបស់សាកលវិទ្យាល័យ ដែលបានប្រារព្ធចាប់តាំងពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន។ ជាការចូលរួមគាំទ្រ ដល់ពិធីសប្បុរសនាឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានបន្តឧបត្ថម្ភជាថវិកា ២០.០០០.០០០ រៀល សម្រាប់ទ្រទ្រង់ និងគាំទ្រសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ពិធីសប្បុរសធម៌លើកទី១២នេះ គឺជាការផ្សារភ្ជាប់ និងលើកកម្ពស់នូវសកម្មភាពមនុស្សធម៌ កៀរគរមូលនិធិពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន សម្រាប់ទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌នៅក្នុងសាកលវិទ្យាល័យ ក៏ដូចជានៅក្នុងសហគមន៍ងាយរងគ្រោះនានា ដោយមានការបែងចែកយកទៅជួយឧបត្ថម្ភចំពោះ យុវជន និស្សិត សាស្រ្តចារ្យ មន្រ្តី បុគ្គលិក ក្នុងសាកលវិទ្យាល័យ ដែលមានជីវភាពខ្វះខាត និងមួយចំណែកជួយទៅដល់កុមារកំព្រា និងអ្នកជំងឺសម្រាកព្យាបាលតាមមន្ទីរពេទ្យ ប្រជាពលរដ្ឋក្រីក្រ រស់នៅតាមសហគមន៍ដាច់ស្រយាល តាមលទ្ធភាពជាក់ស្តែងនៃថវិកា។

គួបញ្ជាក់ផងដែរថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រារព្ធពិធីសប្បុរសធម៌លើកទី១២ និងខួបគម្រប់៦៣ឆ្នាំ របស់សាកលវិទ្យាល័យ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ដោយមានស្ដង់ពិព័រណ៍ក្លឹបយុវជន ស្តង់ពិព័រណ៍ ស.ស.យ.ក. ក្រុមហ៊ុនឯកជន និងស្ដង់ពិព័រណ៍របស់និស្សិត សរុប ១៨២ស្ដង់ មានការប្រគំតន្រ្ដី និងសកម្មភាពនានាជាច្រើនទៀត ដែលជាស្នាដៃ និងការចូលរួមពីយុវជន និងនិស្សិតនៃសាកលវិទ្យាល័យ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner