សម្ដេចតេជោ ហ៊ុន សែន ៖ វេទិកាជំនួបរវាងអ្នកសារព័ត៌មាន និងនាយករដ្ឋមន្ត្រី គួរតែធ្វើជាប់ជាប្រចាំ មិនថា នៅក្នុងអាណត្តិរបស់សម្ដេចនោះទេ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា វេទិកាជំនួបរវាងអ្នកសារព័ត៌មាន និងនាយករដ្ឋមន្ត្រី គួរតែធ្វើជាប់ជាប្រចាំ មិនថានៅក្នុងអាណត្តិរបស់សម្ដេចនោះទេ គួរតែត្រូវរក្សាទុកសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងជំនួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រមាណ៥០០០នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ដែលនេះជាជំនួបលើកទី៥ បន្ទាប់ពីបានអាក់ខានរយៈពេលពេល ២ឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺកូវីដ-១៩ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា វេទិកានេះ គឺមានអត្ថប្រយោជន៍ដែលបានធ្វើឱ្យអ្នកសារព័ត៌មាន បានជួបជាមួយនឹងអ្នកផ្ដល់ព័ត៌មាន ដែលជាអ្នកនាំពាក្យនៅតាមក្រសួងស្ថាប័ននានា ដើម្បីឱ្យមានឱកាសស្វែងយល់ពីគ្នា ទៅវិញទៅមក ។ សម្តេច បន្តថា វេទិកាបែបនេះវាជាផលប្រយោជន៍សម្រាប់ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិរបស់យើង ឱ្យរីកចម្រើនធំធាត់ទៅមុខទៀត ។

សូមជម្រាបថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រៅពីអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មាន បានចូលរួមក្នុងពិធីនេះផងដែរ។ ជំនួបនេះធ្វើឡើងដោយបើកទូលាយ ពោលអ្នកសារព័ត៌មានកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ទាំងជាតិ និងអន្តរជាតិ សុទ្ធតែត្រូវបានអនុញ្ញាតឱ្យចូលរួម ដោយមិនមានប្រកាន់អ្នកសារព័ត៌មានមកពីស្ថាប័នគាំទ្រ ឬមិនគាំទ្ររាជរដ្ឋាភិបាលនោះឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្ន កម្ពុជា មានគេហទំព័រ និងទូរទស្សន៍អនឡាញសរុបរហូតដល់ទៅ៨៧០អង្គភាព, កាសែត ៤៤៦អង្គភាព, ទស្សនាវដ្តី ១៩៣អង្គភាព, ព្រឹត្តបត្រ២២អង្គភាព, ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាង២៦អង្គភាព, ស្ថានីយវិទ្យុ FMនៅរាជធានីភ្នំពេញចំនួន ៨៣ស្ថានីយ៍ និងតាមបណ្តាខេត្ត ១៣៧ស្ថានីយ, ទូរទស្សន៍អាណាឡូក ១៩ស្ថានីយ, ទូរទស្សន៍ឌីជីថល ៨ស្ថានីយ៍, ទូរទស្សន៍ខ្សែកាប ២១២ស្ថានីយ៍ ហើយនៅមានតាមប្រព័ន្ធ OTT និងប្រព័ន្ធផ្កាយរណបផ្សេងទៀត, សមាគមអ្នកសារព័ត៌មានសរុបចំនួន៥១អង្គភាព ក្នុងនោះមានអ្នកសារព័ត៌មានដែលចេញប័ណ្ណដោយក្រសួងព័ត៌មានប្រមាណជា ៥០០០នាក់។

ឯកឧត្តម ខៀវ កាញារីទ្ធ បានបន្ថែមថា ជំនួបលើកទី៥នេះ មិនត្រឹមតែបង្ហាញពីការជួបរវាងប្រមុខរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានទូទាំងប្រទេសនោះទេ តែជំនួបនេះ បានបង្ហាញឲ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំប្រទេសជាមួយអ្នកសារព័ត៌មាន ។ សម្រាប់ឆ្នាំ២០២៣នេះ ជាជំនួបលើកទី៥ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន, សម្តេចតេជោហ៊ុនសែន ក៏នឹងផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មាន អាចសួរ និងឆ្លើយដោយផ្ទាល់រវាងសម្តេចនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន ក្នុងការឈ្វេងយល់រាក់ជ្រៅជាមួយគ្នាទៀតផង ៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner