ទីលានវិមានសពយុទ្ធជន ដែលបានពលីជីវិតនាសម័យសង្គ្រាម នឹងសម្ពោធ នៅថ្ងៃទី១៦ និងទី១៧ ខែមករា ខាងមុខនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ទីលានវិមានសពយុទ្ធជនដែលបានពលីជីវិតនាសម័យ សង្គ្រាម ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង នឹងរៀបចំធ្វើពិធីបុណ្យ ឆ្លងតាមបែបសាសនា និងប្រកាសសម្ពោធ នៅថ្ងៃទី១៦ និងទី១៧ ខែមករា ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិដែល ពិធីនេះ ធ្វើឡើងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ជាង៤០០នាក់។បើតាមការលើកឡើងរបស់ ឯកឧត្តម យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់កាលពីថ្ងៃទី១១ ខែមករា កន្លងមកបានឱ្យដឹងថា កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម មានចំនួន ៤៤៧នាក់ និងមន្រ្តីអគ្គិសនីមួយផ្នូរផងដែរ។

ឯកឧត្តមមានប្រសាសន៍ថា ៖ «គំនិតផ្តួចផ្តើមដែលយើងធ្វើនេះ គឺដើម្បីឧទ្ទិសកុលសផលបុណ្យ និងការតមស្នងសងគុណដល់ ការលះបង់របស់បងប្អូនយើងដែលបានលះបង់ជីវិតដើម្បីជាតិ ដើម្បីការពារសុខសន្តិភាពជូនដល់ប្រជាពលរដ្ឋរបស់យើង ហើយនៅពេលដែលពួកគាត់ស្លាប់នោះគឺមិនមានការធ្វើបុណ្យឱ្យសមស្របនោះដែរ»។

នៅពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការរីកចម្រើន ហើយ ទើបប្រមុខដឹកនាំនៃប្រទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួង ការពារ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្រេចឱ្យមានការរៀប ចំទីលានសពយុទ្ធ និងពិធីសាសនានេះឡើង។ នេះបើតាម ឯកឧត្តម យន្ត មីន បញ្ជាក់។

ឯកឧត្តម យន្ត មីន បានថ្លែងថា ៖ «យើងប្រកាសពីពិធីដែលនឹង ធ្វើឡើងពីថ្ងៃទី១៦ និងទី១៧ ខាងមុខនេះ គឺចាត់ទុកជាអញ្ជើញ ដល់ គ្រួសារសព ដែលបានដឹងថាមានបងប្អូន កូនចៅ កប់សព នៅទីនោះ អាចចូលរួមបាន ដោយយើងបានធ្វើការតបស្នង ដល់ ពួកគាត់តាមទិសស្លោកថា ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹក ឃើញដល់អ្នកដាំ»។

ក្នុងចំណោមសពចំនួន៤៤៧សពនេះ ក្នុងនោះមានមកពី ១៨ រាជធានីខេត្ត រួមមាន៖ ខេត្តកោះកុងចំនួន២៨២សព, ខេត្តកែប ២សព, ខេត្តតាកែវ១៨ សព, ខេត្តកំពង់ស្ពឺ៣៤ សព, ខេត្ត សៀមរាប ១ សព, ខេត្តព្រះសីហនុ ៨សព, ខេត្តកណ្តាល៣០ សព, ខេត្តរតនគិរី ១ សព, រាជធានីភ្នំពេញ ៤ សព, ខេត្ត ពោធិ៍សាត់២ សព, ខេត្តព្រៃវែង ៣ សព, ខេត្តស្វាយរៀង ៨ សព, ខេត្ត បាត់ដំបង ១ សព, ខេត្តកំពង់ធំ ១ សព, ខេត្តក្រចេះ ១ សព, ខេត្តកំពត ៤២ សព, ខេត្តកំពង់ចាម ៥ សព និងខេត្តកំពង់ឆ្នាំង ៤ សព។

ទីលានផ្នូរសពអតីតយុទ្ធ នៅខេត្តកោះកុងនេះ ត្រូវបានសាងសង់ ឡើងតាមរចនាបទខ្មែរសុទ្ធសាធទាំងកូនកាត់បែបបុរាណ និង សម័យ ហើយក្រុមការងារជំនាញបានកែលម្អបន្ថែមទៀត នូវ រចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ ១៩៧៩មកម្ល៉េះ។ នេះបើតាមការពន្យល់ពីឯកឧត្តម យន្ត មីន៕
ដោយ៖នាង សុគន្ធា

ads banner