ថ្នាក់ដឹកនាំខេត្តកណ្ដាល នាំយកជំនួយសង្គ្រោះឧបត្ថម្ភ ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកកណ្ដាលស្ទឹង

ខេត្តកណ្តាល ៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាននាំយកជំនួយសង្គ្រោះឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣២គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនារសៀលថ្ងៃទី១៥ ខែកមរា ឆ្នាំ២០២៣ ។

ឯកឧត្តម នូវប៉េង ច័ន្ទតារា បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹក និងអាណិតអាសូរ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វារតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬស្លាប់បាត់បង់ជីវិតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានឡើយ ពិសេសពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង នៅពេលនេះផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ឬព្រែក សូមមានការប្រុងប្រយ័ត្នខ្ពស់ជាមួយ សត្វអសិរពិសនានា ពិសេសចាស់ជរា កុមារតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរមាត់ទឹក ឬលេងទឹកឡើយ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវបន្តតាមដានសភាពការណ៍ទឹក ឱ្យបានជាប់ជាប្រចាំ ព្រមទាំងត្រៀមនូវការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងផងដែរថា ក្នុងស្រុកកណ្ដាលស្ទឹងមានឃុំចំនួន ៣ ដែលរងការជនលិចដោយចំនួនទឹកភ្លៀង ក្នុងនោះរួមមាន៖ ឃុំដើមឬស ឃុំជើងកើប និងឃុំកណ្ដោក មានប្រជាពលរដ្ឋចំនួន ៨០៥គ្រួសារ រងផលប៉ះពាល់ លិចផ្ទះប្រជាពលរដ្ឋចំនួន ៦៨១ខ្នង ខូចខាតផ្ទះចំនួន ៤ខ្នង ផ្ទៃដីស្រែដែលជនលិចមានចំនួន ៣៦១,៦ហិតា។

សូមបញ្ជាក់ថា ជំនួយសង្គ្រោះដែលរដ្ឋបាលខេត្តកណ្ដាលបាននាំយកឧបត្ថម្ភជូនប្រជាពលរដ្ឋទាំង ៣២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ, មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួនផងដែរ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner