លោកឧត្តមសេនីយ៍ត្រី តឹង សុធី ដឹកនាំកម្លាំងចុះជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង សណ្តស្ទឹងព្រែកត្នោត
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង ទទួលការងារការិយាល័យ អន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំកម្លាំង ដើម្បីចេញជួយសង្គ្រោះបងប្អួនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង សណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីអាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត បានចាប់ផ្តើមឡើងបន្តិចម្តងៗ ត្រឹមតែរយៈពេលបីទៅបួនថ្ងៃ ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរកំពុងតែមមាញឹក ក្នុងការដកស្រង់ស្ថិតិអំពីការលិចលង់នេះ។
អាជ្ញាធរខណ្ឌដង្កោ ក៏បានបញ្ជាក់ឱ្យដឹងថា ក្នុងភូមិសាស្រ្តខណ្ឌដង្កោ មានសង្កាត់ចំនួន៦ ដែលបានកំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង នៅសណ្តស្ទឹងព្រែកត្នោតមាន សង្កាត់ដង្កោ, សង្កាត់សាក់សំពៅ, សង្កាត់គងនយ, សង្កាត់ជើងឯក, សង្កាត់ព្រៃស, និងសង្កាត់ស្ពានថ្ម៕ ដោយ៖ ឆៃហួត និងប៊ុនធី


