គយគ្រោងកាត់បន្ថយពន្ធលើទំនិញមួយចំនួន ដើម្បីជ្រោមជ្រែង សហគ្រាស ធុនតូចនិងមធ្យម
ភ្នំពេញ៖ គយកំពុងពិចារណាកាត់បន្ថយពន្ធ លើទំនិញមួយចំនួន ដែលជ្រោមជ្រែងសហគ្រាសធុនតូចនិងមធ្យម។នេះបើតាមការ បញ្ជាក់របស់ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងជាសាធារណកាលពីសប្ដាហ៍មុន។
ឯកឧត្តម គុណ ញឹម លើកឡើងថា អគ្គនាយកដ្ឋានគយ នឹង ពិចារណាក្នុងការបន្ថយពន្ធលើមុខទំនិញសម្រាប់ប្រើប្រាស់ថ្ងៃនិងទំនិញបម្រើដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SME) វិស័យ ផលិតកម្ម និងវិស័យកសិឧស្សាហកម្ម នៅឆ្នាំ២០២៣នេះ ដើម្បី កាត់បន្ថយការចំណាយរបស់ពលរដ្ឋ ដែលជាវិស័យអាទិភាព។
ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា៖« ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងតែជួបការលំបាក និងកំពុងស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋនឹង ពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយបន្ទុកពន្ធលើមុខទំនិញ ប្រើប្រាស់ ជាចាំបាច់ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ មានដូចជាម្ហូប អាហារ របស់ របរប្រើប្រាស់មួយចំនួន ព្រោះបន្ទុកពន្ធចុងក្រោយបំផុត គឺធ្លាក់បន្ទុក ទៅលើអ្នកប្រើប្រាស់ទាំងអស់គ្នា ជាអ្នកបង់ពន្ធ» ។
លោកបន្ថែមថា ក្រុមទំនិញដែលបម្រើឱ្យវិស័យ SME វិស័យផលិត កម្ម និងកសិឧស្សាហកម្ម គយក៏នឹងពិចារណាក្នុងការកាត់ បន្ថយ ពន្ធផងដែរ ដើម្បីជួយសម្រួលបន្ទុករបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនផលិតកម្ម។
បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ ខាងគយនឹងលើក សំណើ នេះ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយ អត្រាពន្ធ អាករមួយចំនួន។ ឯកឧត្តមបន្ថែមថា ៖«សម្រាប់ឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមិនលើកសំណើកែប្រែ អាករពិសេស លើមុខទំនិញដែលនឹងបន្ថែមបន្ទុក ទៅលើអ្នកប្រើ ប្រាស់នោះទេ បើសិនជាមាន គឺតិចតួចបំផុត យើងសុខចិត្តទ្រាំ ទ្រ នៃការបាត់បង់ពន្ធគយ ពីការអនុវត្តកាតព្វកិច្ចរបស់យើង ក្នុង ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី តែទន្ទឹមនោះ យើងក៏ មិនបន្ថែមបន្ទុក ក្នុងកាលៈទេសៈដែលប្រទេសយើង កំពុងស្ថិតក្នុង ស្ថានភាពស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺកូវីដ ១៩ទេ»។
បច្ចុប្បន្ន អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងតែធ្វើការក្នុងកែ សម្រួលអត្រាពន្ធអាករ លើមុខទំនិញមួយចំនួន ដែលការកែសម្រួល នេះ គឺមិនសំដៅលើការដំឡើងពន្ធនោះទេ គឺសំដៅទៅកាត់បន្ថយពន្ធ នាំចូល។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យម កម្ពុជា បានប្រាប់ឱ្យដឹងថា បើសិនជា ខាងគយ និងរដ្ឋាករ មានការបន្ធូរបន្ថយពន្ធនាំទំនិញ ដែលបម្រើដល់វិស័យSME ពិត ប្រាកដមែន ពិតជានឹងអាចជួយសម្រួលបានច្រើន ដល់ម្ចាស់SME ទាំងអស់ នៅក្នុងកាលៈទេសៈនេះ ។
លោកបានបន្ថែមថា គោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាល ជំរុញឱ្យមានការកែច្នៃច្រើនពីផលិតផលកសិកម្ម ដើម្បី ទៅជាចំណីអាហារ ដូចនេះ រាល់វត្ថុធាតុដើមផ្សេងៗទៀត ដែលនាំ ចូល ពីក្រៅមក សម្រាប់បម្រើការឱ្យការផលិតនេះ គួរមានការបន្ធូរ បន្ថយពន្ធលើផលិតទាំងនោះ។
លោកបានបញ្ជាក់ដូច្នេះថា៖« ក្រៅពីការបន្ធូរបន្ថយពន្ធហើយ ខ្ញុំ យល់ថា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក និងជំរុញឱ្យមាន ការ ប្រើប្រាស់ផលិតក្នុងស្រុកកាន់តែច្រើន ទើបអាចលើកស្ទួយ អ្នក នៅ ក្នុងវិស័យSMEបាន។ម្យ៉ាងវិញទៀត វាក៏ស្របនឹងគោលនយោ បាយរបស់រាជដ្ឋាភិបាល ដែលដាក់ចេញមក ដោយត្រូវធ្វើយ៉ាងណា កាត់បន្ថយការនាំចូលផលិតសម្រេចឱ្យបានច្រើនហើយបើសិនជា នាំចូលមក ត្រូវមានការបង់ពន្ធឱ្យបានត្រឹមត្រូវ»។
បន្ទាប់ពីកម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េជាដើម បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធគយ លើទំនិញនាំចូលមួយផ្នែក ប៉ុន្តែកន្លងមកគយបានពិនិត្យ និងតម្លើងអត្រាអាករពិសេស លើមុខ ទំនិញមួយចំនួន ដោយផ្តោតលើមុខទំនិញប្រណិត និងទំនិញដែល ប៉ះពាល់ដល់សុខភាព និងបរិស្ថាន ដូចជា បារី ស្រា ជាដើម៕
ដោយ៖វណ្ណ សុជាតា