អ្នកធ្វើការពាក់ព័ន្ធវិស័យទឹកស្អាតបង្ហាញសុទិដ្ឋិនិយមលើសេចក្ដីព្រាងច្បាប់ «ការគ្រប់គ្រងទឹកស្អាត»ដែលគណរដ្ឋមន្ត្រីទើបអនុម័ត

ភ្នំពេញ៖ អ្នកធ្វើការពាក់ព័ន្ធនឹងវិស័យទឹកស្អាតបង្ហាញសុទិដ្ឋិនិយម លើសេចក្ដីព្រាងច្បាប់ «ការគ្រប់គ្រងទឹកស្អាត»ដែលទើបត្រូវបាន គណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៣ខែមករាកន្លងទៅនេះ។ពួកគេសង្ឃឹមថា ស្ថា វិស័យទឹកស្អាតកម្ពុជាអាចនឹងមានការ អភិវឌ្ឍ ខ្លាំងថែមទៀត ក្រោយច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត»ត្រូវសភា ទាំងពីរ អនុម័តនិងព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាស ឱ្យ ប្រើប្រាស់ជាផ្លូវការ។

លោក ផុន សុគន្ធ សមាជិកសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបង្ហាញការគាំទ្រចំពោះការអនុម័តសេចក្ដីព្រាងច្បាប់នេះ។ កន្លងមកលោកធ្លាប់បានចូលរួមធ្វើសេចក្តីព្រាងច្បាប់នេះដែរ ឃើញថាច្បាប់នេះគឺល្អ ព្រោះជួយជំរុញដល់ការផ្ដល់សេវាកម្មផ្គត់ផ្គង់ ទឹក ស្អាតឯកជនកាន់តែមានគុណភាព ដើម្បីផ្តល់សេវាសាធារណៈ ចាំបាច់មួយក្នុងការទ្រទ្រង់សុខមាលភាពនិងជីវភាពរបស់ពលរដ្ឋ។លោកក៏ស្នើឱ្យមន្ទីឬក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា អនុវត្ត ច្បាប់នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យនេះ និងធានាប្រយោជន៍ដល់ប្រតិ្តបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់នៅកម្ពុជា។

លោកបានបញ្ជាក់ថា ៖«កន្លងមកការផ្គត់ផ្គង់ទឹកស្អាត ពី សំណាក់ អាជីវករមួយចំនួន ផលិតទឹកមិនបានត្រឹមត្រូវ និងមិនបាន គោរពតាមគោលការណ៍ក្រសួង និងមានអាជីវកម្ម មួយចំនួន ក៏ទទួលរង់ការបំពានពីអ្នកដែលមានអំណាចធំមកលើអាជីវកម្មរបស់ពួកគាត់ជាដើម ហេតុនេះលោកសង្ឃឹមថាច្បាប់នេះ នឹងជួយការគ្រប់ គ្រង ទឹកស្អាតកាន់តែគុណភាព»។
ប្រធានកម្មវិធីមកពីអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ហង់ ហ៊ីប៊ុណ្ណា ក៏បានបង្ហាញការគាំទ្រចំពោះការបង្កើតច្បាប់ទឹកគ្រប់គ្រងទឹកស្អាតនេះដែរព្រោះកន្លងមកកម្ពុជាមានតែគោលនយោបាយទឹកស្អាតប៉ុណ្ណោះ។ ហេតុនេះ លោកយល់ថា តាមរយៈច្បាប់នេះ នឹងធ្វើឱ្យការគ្រង់គ្រង និងអនុវត្តលើវិស័យទឹកស្អាតបានច្បាស់លាស់ និងស៊ីជម្រៅ ដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលថ្ងៃទី១៣ ខែមករា។ រដ្ឋាភិបាលចាត់ទុកថា ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត គឺជាមូលដ្ឋានយ៉ាងសំខាន់ដែលអាចទ្រទ្រង់ និងត្រូវឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់កម្ពុជា ដែលមានការរីកចម្រើនជាលំដាប់ឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ ដែលទាមទារឱ្យកម្ពុជាគួរបង្កើតឱ្យមានច្បាប់នេះ។
បើតាម ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមរៀបចំដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦ និងបានពិភាក្សា កែសម្រួលជាបន្តបន្ទាប់នៅក្នុងអាណត្តិក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)។
ឯកឧត្តមបន្តថា សេចក្តីព្រាងច្បាប់នេះ នឹងឆ្លើយតបក្នុងបរិបទនៃការរីកចម្រើនសង្គម ការផ្គត់ផ្គង់ទឹកស្អាតទាមទារការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវអនុលោមទៅតាមលក្ខខណ្ឌគោលបួនយ៉ាង គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការឆ្លើយតបទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យក្នុងសង្គមជាតិទាំងមូល។
ទោះជាយ៉ាងណាក្ដីសេចក្ដីព្រាងច្បាប់នេះនឹងត្រូវឆ្លងកាត់ដំណាក់កាលដេញដោលនៅសភា និងនៅព្រឹទ្ធសភាបន្តទៀត ៕
ដោយ៖ សែម ពិសី

ads banner