ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ឈានដល់ការតភ្ជាប់តួស្ពាន ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ខាងមុខ

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា បានឈនដល់ការតភ្ជាប់តួស្ពានហើយនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ។ ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិង អ្នកឧកញ៉ា ពុង ឃាវ សែ ។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា៖ ការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា គិតត្រឹមថ្ងៃ១៦ មករានេះ ការដ្ឋានសាងសង់សម្រេចបាន ៩៣% នៃគម្រោង ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ ។

គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង , កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន៣៤ម៉ែត្រ ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន ៤, គន្លងខ្សែយានយន្ត ទទឹង៣.៧៥ម៉ែត្រ , គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែ មក , កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ , កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺនិងដាក់ ស្លាកសញ្ញាចរាចរ ។

ស្ពាននេះសាងសង់ ដោយ ក្រុមហ៊ុន OOOCICដោយប្រើរយៈពេល ២៨ ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នា២០២៣ខាងមុខនេះ។

គួររំលឹកផងដែរថា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបាឡេនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧កន្លងមក ហើយស្ពាននេះគ្រោងនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខនេះ ៕ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner