សេចក្តីថ្លែងការណ៍រួមរវាងសាធារណរដ្ឋម៉ាល់ឌីវ និង ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣

១. តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គ មហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណា ចក្រ កម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋ ម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់១៧ ខែមករា ឆ្នាំ២០២៣។

សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានអមដំណើរដោយ គណៈប្រតិភូ ជាន់ខ្ពស់ រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម ថោង ខុន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងថ្នាក់ដឹកនាំធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូបផ្សេងទៀត។

២. សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានទទួល ស្វាគមន៍ដោយមានការរៀបចំពិធី នៅ រដ្ឋធានីម៉ាល ។

៣. ឯកឧត្តម ប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី និង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបប្រជុំផ្លូវការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងបរិយាកាសប្រកប ដោយ ភាពកក់ក្តៅ ស្និទ្ធស្នាល និងមិត្តភាព។ ថ្នាក់ដឹកនាំទាំងពីរ បាន ពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមទាំងការ ស្វែងរកមធ្យោបាយថ្មីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជា ផលប្រយោជន៍ទៅវិញទៅមក។

៤. ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហ្វៃសល ណាស៊ីម អនុប្រធានាធិបតី ឯកឧត្តម
ម៉ូហាមេដ ណាស៊ីដ ប្រធានសភា និងជាអតីតប្រធានាធិបតី ឯកឧត្តម អាមេដ ម៊ូតថាស៊ីម អាដណាន ប្រធានតុលាការកំពូល និងឯកឧត្តម អាប់ឌុលឡា សាហ៊ីឌ រដ្ឋមន្រ្តីការបរទេស
ម៉ាល់ឌីវ។ ឯកឧត្តម ប្រធានាធិបតី សូលី បានរៀបចំពិធីលៀង សាយភោជន៍ផ្លូវការ ជូនជាកិត្តិយសដល់ សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ។

៥. ឯកឧត្តមប្រធានាធិបតី សូលី បានកោតសរសើរ រដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការរក្សាសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់ និងឧស្សាហកម្មទេសចរណ៍រឹងមាំ និងការធ្វើឱ្យកាន់តែប្រសើរ ឡើងនូវគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ក្នុងរយៈ ពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលនានា ដែលរដ្ឋាភិបាលម៉ាល់ឌីវសម្រេចបាន ក្រោមការដឹកនាំ របស់ឯក ឧត្តមប្រធានាធិបតី សូលី ក្នុងការលើកស្ទួយការអភិវឌ្ឍប្រកប ដោយចីរភាព ស្ថិរភាពសេដ្ឋកិច្ច ការពង្រីកវិស័យទេសចរណ៍ និងសុខុមាលភាពសង្គមរបស់ ម៉ាល់ឌីវ។

៦. ឯកឧត្តមប្រធានាធិបតី សូលី បានអបអរសាទរសម្តេច តេជោ នាយករដ្ឋមន្រ្តី ចំពោះជ័យជម្នះរបស់គណបក្ស ប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ និងបានចាត់ទុកដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី នៅម៉ាល់ឌីវ ជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិ សាស្រ្ត និងជាកត្តាជម្រុញដ៏សំខាន់ដល់ការលើកកម្ពស់កិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យជាក់ស្តែង រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហ ប្រតិបត្តិ ការ បច្ចេកទេស។ ឯកឧត្តមប្រធានាធិបតី សូលី បានស្វាគមន៍ ចំពោះ ការសម្រេចចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការតែងតាំងឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណ រដ្ឋ ឥណ្ឌា ឱ្យទទួលបន្ទុកជាឯកអគ្គរាជទូតប្រចាំម៉ាល់ឌីវ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុក ប្រទេស ម៉ាល់ឌីវ ជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់របស់កម្ពុជា នៅ ក្នុងតំបន់។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ប្រកាសជ្រើសរើសផ្លូវមួយខ្សែ នៅទីក្រុងមាត់សមុទ្រ និងដាក់ ឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដើម្បីបើកទំព័រថ្មីនៃការលើក កម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍភាព ជាដៃគូរឹងមាំនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមកទាំងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ ក្នុងគោលបំណងនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិទាំងពីរ និងពិភពលោក។

៧. ឯកឧត្តមប្រធានាធិបតី សូលី បានកោតសរសើរចំពោះ គំនិត ផ្តួចផ្តើមរបស់រដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយ ជោគជ័យនៅកម្ពុជា ជាមួយនឹងគោលនយោបាយយក ចិត្តទុក ដាក់លើប្រជាជន ដោយរក្សានូវតុល្យភាពជីវិត និងជីវភាព រស់នៅ របស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើ សេដ្ឋកិច្ច ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអបអរ សាទរ ឯកឧត្តមប្រធានាធិបតី សូលី និងប្រជាជនម៉ាល់ឌីវ ចំពោះភាព ធន់ការជំរុញចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ និងការស្តារសេដ្ឋកិច្ចឱ្យរឹងមាំឡើងវិញក្រោយការរាលដាលនៃជំងឺកូវីដ-១៩។

៨. ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ផ្លាស់ ប្តូរដំណើរទស្សនកិច្ច និងការពិគ្រោះយោបល់កម្រិត ខ្ពស់ជាទៀង ទាត់ ដែលនឹងលើកកម្ពស់វិធី និងមធ្យោបាយ ដើម្បីពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យដែលមានសក្តានុពល សម្រាប់ផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងន័យនេះ ថ្នាក់ ដឹកនាំ ទាំងពីរ បានបង្ហាញបំណងឱ្យមានការរៀបចំកិច្ចពិគ្រោះ យោបល់ទ្វេភាគីលើកដំបូង រវាងក្រសួងការបរទេសរបស់ ប្រទេស ទាំងពីរ ឱ្យបានឆាប់។

៩. ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃ ពាណិជ្ជ កម្មទ្វេភាគី និងបានកត់សម្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចមាន សារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។ ដោយទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាល់ឌីវ នៅមានកំរិតនៅឡើយដែលអាចធ្វើឱ្យប្រសើរឡើង ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូរទេសចរណ៍ និងបានលើកទឹកចិត្ត ឱ្យវិស័យឯកជនកម្ពុជា និងម៉ាល់ឌីវ សហការគ្នាជិតស្និទ្ធ ដើម្បី ប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចក្នុង ប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ម៉ាល់ឌីវក្នុងការនាំចូលអង្ករពីកម្ពុជា និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីបង្កើនទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីការនាំចូលកសិផលកសិកម្មរបស់កម្ពុជាផ្សេងទៀត មានដូចជា ពោត ម្រេច ដំឡូងមី គ្រាប់ ស្វាយចន្ទី និងផ្លែឈើ, ផលិតផលកាត់ដេរ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ, និងផលិតផលក្រៅ ពីសម្លៀកបំពាក់ មានដូចជា គ្រឿងអគ្គិសនី អំពូលភ្លើងសម្រាប់ តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ។ ភាគីម៉ាល់ឌីវក៏បានរំពឹងដែរថា កម្ពុជានឹងពិចារណានាំចូល នូវ គ្រឿងសមុទ្រ និងត្រីរបស់ម៉ាល់ឌីវ ផងដែរ។

១០. សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរ ឯកឧត្តមប្រធានាធិបតី សូលី ដែលសម្រេចជោគជ័យដ៏វិសេស វិសាលក្នុងការជំរុញឱ្យមានការរីកលូតលាស់ផ្នែកឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ហើយបានសម្តែងក្តីសង្ឃឹមថា នឹង មានកិច្ចសហការកាន់តែច្រើនក្នុងវិស័យទេសចរណ៍ រវាងប្រទេស ទាំងពីរ។ ដោយកត់សម្គាល់ថា ទាំងម៉ាល់ឌីវ និងកម្ពុជា មាន សក្តានុពលដ៏ធំធេងក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបាន ឯកភាពគ្នាជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយរួមគ្នា ដោយប្រើប្រាស់ សក្តានុពល បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែប សំដៅបង្កើនការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធ នៃ ប្រទេសទាំងពីរ ពិចារណាបង្កើតកិច្ចសហប្រតិបត្តិការវប្បធម៌ និងកម្មវិធីផ្លាស់ប្តូរផងដែរ។

១១. ដោយទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហ ប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ ឯកឧត្តមប្រធានាធិបតី សូលី បានស្នើថា ម៉ាល់ឌីវនឹង
ផ្តល់ កម្ម សិក្សារហូតដល់ ២០ នាក់ សម្រាប់ប្រជាជនកម្ពុជា ធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសម៉ាល់ឌីវ ដើម្បីពង្រឹងជំនាញបដិសណ្ឋារកិច្ចរបស់ពួកគេបន្ថែមទៀត ដែល ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរ។ ឯកឧត្តមប្រធានាធិបតី សូលី ក៏បាន ផ្តល់ជូនឱកាសសម្រាប់កម្ពុជា នូវវគ្គសិក្សាមុជទឹកកម្រិត បឋម ចំនួនមួយកន្លែង រៀបចំដោយឆ្មាំសមុទ្រជាតិម៉ាល់ឌីវ សម្រាប់ឆ្នាំ២០២៣ និងផ្តល់អាហារូបករណ៍ចំនួនពីរកន្លែង ដល់កម្ពុជា ដើម្បីសិក្សានៅសាកលវិទ្យាល័យជាតិម៉ាល់ឌីវ។ ក្នុងន័យដូចគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក៏ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ១០ កន្លែង ដល់ម៉ាល់ឌីវ។

១២. ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈថា ការតភ្ជាប់ជើង ហោះហើរត្រង់រវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់ ដើម្បី សម្រួលដល់ធុរកិច្ច ការប្រាស្រ័យទាក់ទងរវាងប្រជាជននិង ប្រជាជន និងការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។ ក្នុង ន័យនេះ ថ្នា្កក់ដឹកនាំទាំងពីរ បានណែនាំឱ្យអាជ្ញាធរអាកាសចរ ស៊ីវិល នៃប្រទេសទាំងពីរ ធ្វើការពន្លឿនការពិភាក្សា ដើម្បីបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។

១៣. ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហ ប្រតិបត្តិ ការបច្ចេកទេសក្នុងវិស័យវារីវប្បកម្ម និងនេសាទ ថ្នាក់ដឹកនាំទាំងពីរ បានប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរពិចារណាបង្កើតយន្តការសហប្រតិបត្តិការ និងកម្មវិធីផ្លាស់ប្តូរ។

១៤. ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវសេចក្តីពេញចិត្តចំពោះ ការរីក ចម្រើននៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងម៉ាល់ឌីវ និងកម្ពុជា និងបានឯកភាពគ្នាថា តំណាងនៃប្រទេសទាំងពីរគួរតែ សហការគ្នាឱ្យកាន់តែជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិនានា រួមទាំងវេទិកាអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។

១៥. ចំពោះកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំ ទាំងពីរបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើបញ្ហាផលប្រយោជន៍ និងកង្វល់រួម។ ឯកឧត្តមប្រធានាធិបតី សូលី បានអបអរ
សាទរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះភាព ជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានដឹកនាំកិច្ច ប្រជុំ កំពូល អាស៊ាន ឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះ ស្រាយបញ្ហាប្រឈមទាំងអស់គ្នា“ ព្រមទាំងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ ឯកឧត្តមប្រធានាធិបតី សូលី បានសម្តែងនូវក្តីសង្ឃឹមថាកម្ពុជានឹងបន្តគាំទ្រកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់ម៉ាល់ឌីវ ក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។

១៦. ឯកឧត្តមប្រធានាធិបតី សូលី បានផ្តល់ការគាំទ្រពេញ ទំហឹង របស់រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ ចំពោះសំណើដាក់ពាក្យសុំរបស់ កម្ពុជា ចូលជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការ អ៊ីស្លាម។

១៧. ឯកឧត្តមប្រធានាធិបតី សូលី និង សម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងម៉ាល់ឌីវ និងកម្ពុជា នឹងកាន់តែរស់រវើកដោយសារលទ្ធផលនៃទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅម៉ាល់ឌីវ និងការ ចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការ ក្នុងអំឡុងនៃ ទស្សនកិច្ចនេះ។

១៨. ក្រោយបញ្ចប់ជំនួបផ្លូវការ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សី ក្នុងការ ចុះហត្ថលេខាលើលិខិត តុបករណ៍ទ្វេភាគី រវាង ប្រទេសទាំងពីរ ដូចខាងក្រោម៖
ក) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។
ខ) កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច។
គ) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះ យោបល់ ទ្វេភាគីរវាងក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ និង ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះ រាជាណាចក្រកម្ពុជា ។
ឃ) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃ សាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រ កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ង) អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃ សាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។
ច) អនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ និងសភាពាណិជ្ជកម្មកម្ពុជា ។

១៩. សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី សូលី និងប្រជាជនម៉ាល់ឌីវ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និង បដិសណ្ឋារកិច្ចដ៏រាក់ទាក់ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅប្រទេសម៉ាល់ឌីវ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ ឯកឧត្តម ប្រធានាធិបតី សូលីទៅបំពេញទស្សនកិច្ចនៅព្រះរាជាណា ចក្រកម្ពុជា ក្នុងពេលសមស្របទៅវិញទៅមក។ ឯកឧត្តមប្រធានាធិបតី សូលី បានទទួលយកការអញ្ជើញ ដោយ សេចក្តីរីករាយ និងបានថ្លែងអំណរគុណសម្តេចតេជោនាយក រដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការអញ្ជើញនេះ។ កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងតាមរយៈ ផ្លូវការទូត ៕ ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner