គ្រូបង្រៀន ជាង បួនសែននាក់ នៅប្រទេសថៃ ធ្វើយុទ្ធនាការ ប្រឆាំងសេចក្តីព្រាងច្បាប់អប់រំ

ថៃ៖ ប្រភពពីសារព័ត៌មានដឹណេសិនថៃផ្សាយថា គ្រូបង្រៀននិង បុគ្គលិក អប់រំជាងបួនសែននាក់នៅទូទាំងប្រទេសថៃបានធ្វើ យុទ្ធនាការប្រឆាំងការពន្លឿនអនុម័តសេចក្ដីព្រាងច្បាប់អប់រំជាតិ។កាលពីថ្ងៃចន្ទទី១៦មករាគ្រូបង្រៀននៅថៃស្លៀកពាក់ខ្មៅខ្វែងដៃថតរូបផ្សាយតាមបណ្ដាញអនឡាញក្នុងបំណងជំរុញឱ្យសភាពន្យារពេលការពិចារណាលើសេចក្តីព្រាងច្បាប់ស្តីពីអប់រំជាតិ។

អ្នកនយោបាយថៃអះអាងថា សេចក្តីព្រាងនេះ មានគោលបំណង លើកម្ពស់ប្រព័ន្ធអប់រំរបស់ប្រទេសថៃឱ្យស្របតាមស្តង់ដារអន្តរជាតិ និងជំរុញការប្រកួតប្រជែងរបស់ប្រទេសនេះ។សេចក្ដីព្រាងត្រូវបាន បញ្ចូលក្នុងសម័យប្រជុំសភាចាប់តាំងពីថ្ងៃទី ១០-១១ ខែមករា កន្លងទៅនេះ។

ក្នុងចំណោមគ្រូដែលបានចូលរួមក្នុងយុទ្ធនាការនេះ គ្រូមួយក្រុម នៅខេត្ត ឡាមផាង(Lampang )បាននិយាយថា សេចក្តីលម្អិត មួយចំនួនក្នុងសេចក្តីព្រាងច្បាប់នេះនឹងមិនគាំទ្រដល់ការអភិវឌ្ឍការសិក្សាអប់រំទេ។ ក្រុមនេះក៏បានអះអាងផងដែរថា សេចក្តីព្រាងច្បាប់ នេះនឹងប៉ះពាល់ដល់ឯករាជ្យភាពរបស់គ្រូក្នុងការបង្រៀន។

ក្រុមនេះបាននិយាយថា៖«យើងបានផ្តល់យោបល់របស់យើងជាច្រើនដងទៅគណៈកម្មាធិការសភា ដើម្បីធ្វើវិសោធនកម្មសេចក្តីព្រាង ច្បាប់ នេះ ប៉ុន្តែមិនមានការឆ្លើយតបទេ» ។ផ្ទុយទៅវិញ គណៈកម្មាធិការ បាន ពន្លឿន ការស្នើសុំសេចក្តីព្រាងច្បាប់នេះទៅកាន់សម័យ ប្រជុំ ពេញ អង្គសភាទៅវិញ។

ក្រុមនេះបានបញ្ជាក់សារជាថ្មីថា ចំណាត់ការរបស់ខ្លួនគឺជាការ តវ៉ា ដោយសន្តិវិធីតាមរដ្ឋធម្មនុញ្ញថៃ ដោយបន្ថែមថា ចំណាត់ការរបស់ គណៈកម្មាធិការសភា ដែលចង់អនុម័តសេចក្តីព្រាងច្បាប់នេះ នៅមុនថ្ងៃទី២៣ ខែកុម្ភៈគឺធ្វើឡើងដោយលឿនរហ័សពេក។ក្រុមបង្រៀនថៃបានជំរុញឱ្យប្រធានសភាលោក ឈួន លីកផៃ( Chuan Leekpai) លើកសេចក្ដីព្រាងច្បាប់នេះទៅអនុម័ត នៅ ក្រោយ ការបោះឆ្នោតជាតិវិញ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner