ចិនសន្យាបន្តគាំទ្រតួនាទីរបស់អង្គការសុខភាពពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន បាននិយាយក្នុងសន្និសិទកាសែតខ្លីមួយនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រទេសចិននឹងបន្តគាំទ្រតួនាទីរបស់អង្គការសុខភាពពិភពលោក ( WHO ) ក្នុងការបង្រួបបង្រួម និងប្រមូលផ្តុំសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
លោក វ៉ាង បានគូសបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករា លោក ម៉ា ស៊េវវៃ ប្រធានគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (NHC) បានធ្វើកិច្ចពិភាក្សាជាមួយអគ្គនាយក WHO លោកវេជ្ជបណ្ឌិត ថេដ្រូស អាដាណម ហ្គេប្រេយ៉េសសឹស តាមប្រព័ន្ធទូរស័ព្ទ ដើម្បីផ្លាស់ប្តូរទស្សនៈជាចម្បងលើស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសចិន។
លោក វ៉ាង បន្តថា លោក ថេដ្រូស បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការទប់ទល់នឹងជំងឺរាតត្បាត COVID-19 ហើយបានថ្លែងអំណរគុណដល់ប្រទេសចិន សម្រាប់ការរក្សាការផ្លាស់ប្តូរបច្ចេកទេសរយៈពេលវែង និងការចែករំលែកព័ត៌មាន ក៏ដូចជាទិន្នន័យមេរោគរាតត្បាតជាមួយអង្គការសុខភាពពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបន្ថែមថា ភាគីទាំងពីរបានយល់ព្រមបន្តពង្រឹងការផ្លាស់ប្តូរបច្ចេកទេស និងកិច្ចសហប្រតិបត្តិការលើការឆ្លើយតបនឹងជំងឺរាតត្បាត ព្រមទាំងធ្វើការរួមគ្នា ដើម្បីការពារសន្តិសុខសុខភាពពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

