កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ប្រកាសឈរ ឈ្មោះ ជា បេក្ខភាព នាយករដ្ឋមន្ត្រី
ថៃ៖ កូនស្រីរបស់អតីតមេដឹកនាំថៃដែលបាននិរទេសខ្លួន លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានប្រកាសថា លោកស្រីបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំ២០២៣ នេះ ខណៈដែល បក្សប្រឆាំងដ៏ធំមួយនេះ កំពុងស្វែងរកការគាំទ្រនិងស្ដារ អំណាចរបស់ ខ្លួនឡើងវិញ បន្ទាប់ពីត្រូវបានទម្លាក់ចេញដោយរដ្ឋប្រហារកាល ពី ប្រាំបី ឆ្នាំមុន។
គួរកត់សម្គាល់ថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) មានឪពុកជាឥស្សរជននយោបាយ ចាស់វស្សាម្នាក់ គឺលោក ថាក់ស៊ីន និងម្តាយមីងក៏ជាឥស្សរជន នយោបាយ ល្បីល្បាញមួយរូប គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra)។
ឥស្សរជននយោបាយទាំងពីររូបធ្លាប់បានដឹកនាំរដ្ឋាភិបាល ហើយ ត្រូវបានផ្តួលរំលំដោយកងកម្លាំងយោធាដូចគ្នា។ ឥឡូវនេះ ហាក់បី ដូចជាដល់វេន លោកស្រី ផែថងថាន ម្ដង ដែលលោកស្រីនឹងឈរ ឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅក្រោមគណបក្សភឿថៃ (Pheu Thai Party) ដែលជាគណបក្សត្រូវបានបង្កើតឡើងដោយ ចលនា ប្រជានិយម ដឹកនាំដោយគ្រួសារមហាសេដ្ឋីរបស់លោកស្រី កាលពី ពីរទសវត្សរ៍មុន។
កាលពីយប់ថ្ងៃអាទិត្យ ទី១៥ ខែមករា លោកស្រីបានប្រាប់អ្នក សារព័ត៌មាន នៅតំបន់ភាគឦសានប្រទេសថៃថា ៖ «ខ្ញុំបានត្រៀម ខ្លួនរួចរាល់ហើយ»។ ការថ្លែងបែបនេះបានធ្វើឡើងនៅឯតំបន់ជនបទមួយដែលជាតំបន់មានអ្នកគាំទ្រគ្រួសារស៊ីណាវ៉ាត្រាយ៉ាងច្រើន និងដែលតែងតែបោះឆ្នោត គាំទ្រកាលពីការបោះឆ្នោតចំនួនប្រាំលើករាប់ចាប់តាំងពីឆ្នាំ២០០១មក។ លោកស្រីបន្តថា ៖ «យើងចង់ឱ្យគណបក្សឈ្នះឆ្នោតឱ្យបានភ្លូក ទឹក ភ្លូកដី ដើម្បីធ្វើឱ្យការសន្យាដែលយើងដែលបានប្ដេជ្ញាចំពោះប្រជាជន អាចសម្រេចទៅបាន»។
គួររម្លឹកផងដែរថា គណបក្សភឿថៃ ដែលមានប្រជាប្រិយភាពយ៉ាង ខ្លាំងក្នុងចំណោមវណ្ណកម្មករនៅតាមជនបទនិងទីក្រុង បានឈ្នះ អាសនៈភាគច្រើននៅក្នុងសភាកាលពីការបោះឆ្នោតចុងក្រោយក្នុងឆ្នាំ២០១៩ ប៉ុន្តែគណបក្សមួយនេះមិនអាចបង្កើតរដ្ឋាភិបាលបាន។ ដោយឡែក សម្រាប់មន្ត្រីរដ្ឋបាលដែលស្មោះត្រង់នឹងគ្រួសារ ស៊ីណាវ៉ាត្រា ត្រូវបានដកចេញដោយរដ្ឋាភិបាលយោធា ឬសេចក្តី សម្រេចរបស់តុលាការ។
ការណ៍នេះបានធ្វើឱ្យវិបត្តិនយោបាយវិវត្តទៅរកចំណុចមួយដែលមិនអាចដោះស្រាយបាន ហើយជាវិបត្តិនយោបាយដែលមានវត្តមាន នៅក្នុងប្រទេសថៃ អស់រយៈពេលជាង ១៧ ឆ្នាំមកហើយ។
សូមបញ្ជាក់ផងដែរថា លោកស្រី ផែថងថាន អាយុ ៣៦ ឆ្នាំបាន ចាប់ផ្ដើមចូលរួមក្នុងការប្រមូលផ្តុំកម្លាំងគាំទ្ររបស់គណបក្ស កាលឆ្នាំមុន ហើយបាននាំមុខការស្ទង់មតិកាលពីប៉ុន្មានខែថ្មីៗនេះ ដោយលោកស្រីទទួលបានសម្លេងគាំទ្រជាបេក្ខភាពនាយករដ្ឋមន្ត្រី ច្រើនជាងលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ដែលកាន់តំណែងជាមេបញ្ជាការទ័ព និងដែលបានផ្តួល រំលំ រដ្ឋាភិបាលលោកស្រីយីងឡាក់កន្លងមក។
រហូតមកទល់ពេលនេះ លោកស្រី យីងឡាក់ និងលោក ថាក់ស៊ីន កំពុងរស់នៅក្រៅប្រទេស ដើម្បីគេចវេសពីការជាប់ពន្ធនាគារ ដែលត្រូវបានចោទប្រកាន់ដោយរបបយោធាថៃ។រីឯលោក ប្រាយុទ្ធ បានឡើងកាន់តំណែងចាប់តាំងពីឆ្នាំ២០១៤ ដែលដំបូងឡើយ លោក ជាមេដឹកនាំរបបយោធា និងបន្ទាប់មកជានាយករដ្ឋមន្ត្រី ដែលត្រូវបាន ជ្រើសតាំងដោយសភាបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៩។
យ៉ាងណាក៏ដោយ អ្នករិះគន់ជាច្រើនបានលើកឡើងថា ព្រឹត្តិការណ៍ ទាំងអស់នេះ ត្រូវបានបង្កើតឡើងដើម្បីអាចរក្សាលោក ប្រាយុទ្ធ ឱ្យនៅកាន់អំណាចបន្ត ប៉ុន្តែលោក ប្រាយុទ្ធ តែងតែបដិសេធ និង ឆ្លើយតបថា លោកទទួលបានតួនាទីនេះដោយយុត្តិធម៌។
សូមរំឮកដែរថា លោក ប្រាយុទ្ធ អាយុ ៦៨ ឆ្នាំបានចូលរួមជាមួយ គណបក្សប្រជាជនថៃរួមគ្នាកសាងជាតិ (United Thai Nation Party) កាលពីសប្តាហ៍មុន ដោយបង្ហាញឆន្ទៈឈរឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រីដើម្បីលោកអាចធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតបាន។ យ៉ាងណាមិញ លោក ប្រាយុទ្ធ មិនទាន់បានរំលាយសភានោះទេ ហើយការបោះឆ្នោតនឹងត្រូវធ្វើនៅខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕
ដោយ៖ធា សុណា
Link: https://www.channelnewsasia.com/asia/daughter-thailands-exiled-former-pm-thaksin-announces-intent-run-prime-minister-3209026