រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លាលែងពីតំណែង ចំពេលមានការរិះ គន់ជុំវិញបញ្ហា អ៊ុយក្រែន
បែរឡាំង៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Christine Lambrecht ដែលទទួលរងការរិះគន់យ៉ាងខ្លាំងជុំវិញបញ្ហាអ៊ុយក្រែន បានប្រកាស លាលែងពីតំណែងកាលពីថ្ងៃចន្ទ ខណៈក្រសួងរបស់លោកស្រី ត្រូវដឹកនាំគម្រោងដ៏ធំជុំវិញការធ្វើទំនើបកម្មយោធារបស់ប្រទេស និងត្រួតពិនិត្យផ្ដល់ជំនួយសព្វាវុធទៅអ៊ុយក្រែន។ នេះបើតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
លោកស្រី Lambrecht បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកស្រីបានដាក់សំណើសុំលាលែងពីតំណែងទៅកាន់លោកអធិការបតី អូឡាហ្វ សុលហ្ស៍ ដោយបន្ថែមថា៖«ការផ្ដោតវាយប្រហារ លើមនុស្សរបស់ខ្ញុំពីប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេលច្រើនខែមកនេះ បានរារាំងការជជែកដេញដោលគ្នាអំពីការពិតនៃវិស័យយោធា និងគោលនយោបាយសន្តិសុខរបស់អាល្លឺម៉ង់»។
លោកស្រីបន្តថា៖ «ការងារដ៏មានតម្លៃរបស់ទាហាន និងមនុស្ស ជាច្រើននៅក្នុងក្រសួងរបស់ខ្ញុំ ត្រូវតែឈរនៅជួរមុខ។ ដូច្នេះហើយ ខ្ញុំសម្រេចទុកឱ្យតំណែងរបស់ខ្ញុំទំនេរដើម្បីឱ្យមានអ្នកជំនួស»។ គេមិនទាន់ដឹងថានរណានឹងត្រូវឡើងស្នងតំណែងជំនួសនោះទេ។ បើតាមការចុះផ្សាយរបស់រ៉យទ័រ អ្នកនាំពាក្យរដ្ឋាភិបាលបាន និយាយថា លោក សុលហ្ស៍ បានទទួលយកការលាលែងពីតំណែង របស់លោកស្រី Lambrecht ខណៈអ្នកស្នងតំណែងរំពឹងថា នឹងប្រកាសនៅថ្ងៃអង្គារ។
គួរបញ្ជាក់ថា លោកស្រី Lambrecht ឡើងជារដ្ឋមន្ត្រីក្រសួង ការពារ ជាតិចាប់តាំងពី លោក សុលហ្ស៍ ក្លាយជាអធិការបតីក្នុងខែធ្នូ ឆ្នាំ ២០២១។ ក្រុមអ្នករិះគន់ បានចាត់ទុកលោកស្រីថាគ្មានសមត្ថភាព ក្នុងការកាន់តំណែងនេះ ប៉ុន្តែលោក សុលហ្ស៍ តែងនិយាយការពារ ហើយពិពណ៌នារដ្ឋមន្រ្តីរូបនេះកាលពីខែមុនថាជា «រដ្ឋមន្ត្រីការពារជាតិលំដាប់១»។
ការលាលែងពីតំណែងរបស់លោកស្រី Lambrecht កើតឡើង ចំពេលវេលាដ៏រសើបមួយ ខណៈលោក សុលហ្ស៍ ប្រឈមមុខ នឹង សម្ពាធកាន់តែខ្លាំងក្នុងការផ្ដល់ជំនួយយោធាដល់អ៊ុយក្រែន តាមរយៈការយល់ព្រមផ្តល់រថក្រោះប្រយុទ្ធធន់ Leopard 2 ។កាលពីដើមខែនេះអាល្លឺម៉ង់បានយល់ព្រមផ្តល់រថពាសដែក Marder ចំនួន ៤០ គ្រឿង និងថ្មប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដល់ទីក្រុងកៀវ។
អាល្លឺម៉ង់បានផ្តល់ការគាំទ្រយ៉ាងច្រើនដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រួមទាំងប្រព័ន្ធបាញ់មីស៊ីល howitzers កាំភ្លើង ប្រឆាំងយន្តហោះ Gepard និងប្រព័ន្ធបាញ់មីស៊ីល IRIS-T ចំនួនបួន។
អ្នករិះគន់ បានត្អូញត្អែរជាយូរមកហើយអំពីការស្ទាក់ស្ទើររបស់លោក សុលហ្ស៍ ក្នុងការបង្កើនជំនួយដល់អ៊ុយក្រែន ខណៈលោកស្រី Lambrecht ក៏ត្រូវទទួលរងនូវបញ្ហានេះ៕
ហួន ឌីណា
ប្រភព៖ Germany’s defense minister resigns amid Ukraine criticism