នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង បញ្ជាក់ថា កងយោធពលខេមរភូមិន្ទមានកាតកិច្ច ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់
ខេត្តកណ្តាល ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។ បានអញ្ជើញធ្វើបទឧទ្ទេសនាម (អភិបាលកិច្ចល្អ) ផ្ដាំផ្ញើដល់សិក្ខាកាមហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៨ នៅមជ្ឈមណ្ឌលភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៣។

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត បានលើកឡើងថា អភិបាលកិច្ចល្អ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ និងអនុវត្តតាមបទបញ្ជា អនុលោមតាមរដ្ឋធម្មនុញ្ញ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទមានកាតកិច្ច ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។ ទាំងនេះ គីជាកិច្ចការស្នូលអទិភាពដែលកងយុទ្ធពលខេមរភូមិន្ទ ត្រូវអនុវត្តប្រកបដោយភាពម៉ុងម៉ាត់ និងការទទួលខុសត្រូវពេញទំហឹង ដើម្បីធានាបានទាំងស្រុងនូវសន្តិភាព ស្ថិរភាព និងសន្តិសុខស្ថិតស្ថេរយូរអង្វែង បម្រើកសាងឱកាសសម្រាប់អភិវឌ្ឍន៍ជាតិ ៕



ដោយ-រ៉ាវុធ