ផ្ទៃដីមានមីនជាង ៤០០ គីឡូម៉ែត្រក្រឡា គ្រោងនឹងធ្វើការបោស សម្អាតនៅឆ្នាំនេះ ខណៈខេត្តចំនួន ១២ទៀតនឹងប្រកាស ជាខេត្ត អស់មីន

សៀមរាប៖ ក្នុងឆ្នាំ២០២៣ នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន ១២ បន្ថែមទៀត ជាខេត្តអស់មីន។ ក្នុងឆ្នាំនេះដែរ ផ្ទៃដីមានមីន ប្រមាណ ៤១១ គីឡូម៉ែត្រក្រឡា ក៏គ្រោងនឹងធ្វើការបោសសម្អាត ដែលទទួលបានការគាំទ្រពី គម្រោងសម្ដេចតេជោ ហ៊ុន សែន សម្រាប់ សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និង ដៃគូអភិវឌ្ឍន៍។នេះបើយោងតាមការថ្លែងឱ្យដឹងពីអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងពិធីអបអរសាទរ ការប្រកាសក្រុងសៀមរាប និងស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង-ស្រុក អស់មីនកាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
កងកម្លាំងបោសសម្អាតមីនរបស់អង្គការ ហាឡូ ត្រាស( HALO Trust) ធ្វើការបញ្ចប់ការងារបោសសម្អាតមីនក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ ដោយទទួលបានជោគជ័យក្នុងទំហំផ្ទៃដីសរុប ៩៤៦.៥១២ ម៉ែត្រក្រឡា។ គម្រោងបោសសំអាតមីននេះដែរ ក៏គ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីននៅស្រុកចំនួនពីរបន្ថែមទៀតក្នុងខេត្តសៀមរាបនេះ គឺ ស្រុកពួក និងស្រុកស្រីស្នំ។

ឯកឧត្តម លី ធុជ មានប្រសាសន៍ថា ៖ «ក្នុងឆ្នាំ២០២៣ នេះ កម្ពុជា គ្រោងនឹងប្រកាសខេត្តចំនួន ១២ ទៀត ជាខេត្តអស់មីន ក្នុងនោះមាន ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរជននានា»។

គិតត្រឹមខែធ្នូឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម មានចំនួន ២.៥៥៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត រួច ដោយរកឃើញ និងកំទេចចោលនូវ មីនប្រឆាំងមនុស្សចំនួន ១.១៥៣.២១៧ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦.១៣៥ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣.០៣៤.៧២៧ គ្រាប់ ព្រម ទាំង បានផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាងប្រាំបួន លាន នាក់។

បើតាមអាជ្ញាធរមីន រាជធានី ខេត្តចំនួនប្រាំមួយបានប្រកាស អស់ មីនរួចហើយផងដែរ រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរ ឯកឧត្តម លី ធុជ ក៏បានបញ្ជាក់ផងដែរថា ដើម្បី ឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺនៅសល់រយៈពេល តែបីឆ្នាំទៀតប៉ុណ្ណោះ ដែលត្រូវបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ដែលក្នុងនោះទំហំផ្ទៃដីមានមីននៅសល់ មានចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា។

ឯកឧត្តមបានថ្លែងថា ៖ «អាជ្ញាធរមីន សហការជាមួយប្រតិបត្តិករ ជាតិ-អន្តរជាតិ បានរៀបចំឲ្យមានផែនការច្បាស់លាស់ផងដែរ ដោយចាប់ផ្ដើមការបោសសម្អាតមីនដែលយើងបានដឹងឱ្យអស់ពី ភូមិមួយទៅ ភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ និង ពីខេត្តមួយទៅខេត្តមួយ ហើយសម្រាប់ឆ្នាំ២០២៣នេះ ផ្ទៃដីមាន មីនប្រមាណជា ៤១១ គីឡូម៉ែត្រក្រឡា គ្រោងនឹងធ្វើការបោស សម្អាត ផងដែរ»។
ទោះបីបញ្ហាមីនត្រូវបានដោះស្រាយចប់ត្រឹមឆ្នាំ២០២៥ ប៉ុន្តែបញ្ហា សំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ ផ្ទុះគ្រប់ប្រភេទ ក៏មានទំហំធំធេង ណាស់ដែរ ដែលអាជ្ញាធរមីន មិនអាចដោះស្រាយ បានអស់ត្រឹមឆ្នាំ ២០២៥ ឡើយ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម លី ធុជ។
នាពិធីនោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវចូលរួមអនុវត្តការការពារខ្លួន កុំឱ្យមានគ្រោះថ្នាក់ពីគ្រាប់មីន និងសំណល់ជាតិផ្ទុះនានា។
ឯកឧត្តម លី ធុជ ថា បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថាជា សំណល់ជាតិផ្ទុះពីសង្គ្រាម មិនត្រូវប៉ះពាល់ ឬដំ ឬដុត ឬកាយ និង គប់លេងនោះទេ ដោយសារវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួន ពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមាន សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិត បំផុត។

ឯកឧត្តមបានបន្តថា ៖ «ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើ ល្មើសច្បាប់ កុំប្រើ ប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់ ឬ សង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»។

អង្គការ HALO Trust ដែលបានចូលរួមយ៉ាងពេញ ទំហឹង ក្នុង ការរួមចំណែកធ្វើឱ្យផ្ទៃដីជាច្រើនក្នុងប្រទេសកម្ពុជា រួមទាំង ខេត្តសៀមរាបនេះ រួចផុតពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អង្គការនេះមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩១ ដោយបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះផ្សេង ទៀតពីសង្គ្រាមអស់រយៈពេលសាមសិបឆ្នាំមកនេះ។

លោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំ កម្ពុជា បានឱ្យដឹងថា ទីស្នាក់ការកណ្តាលរបស់ អង្គការ HALO គឺនៅខេត្តសៀមរាប ដែលមានបុគ្គលិកខ្មែរចំនួន ១ ២០០ នាក់ ធ្វើការងារលើការសង្គ្រោះជីវិត នៅទូទាំងប្រទេស។
លោកថា ៖ «វាជាឯកសិទ្ធិដ៏អស្ចារ្យមួយក្នុងការធ្វើឱ្យដីមានសុវត្ថិភាព នៅក្នុងខេត្តកំណើតរបស់យើង ដែលមានបុគ្គលិកក្នុងស្រុក ជាច្រើន នាក់ និងគ្រួសាររបស់ពួកគេរស់នៅ និងធ្វើការ»។
នៅឆ្នាំ ២០២៣ នេះ អង្គការ HALO នឹងបញ្ចប់ស្រុកដែលគ្មានមី ន ចំនួនពីរ បន្ថែមទៀត គឺស្រុកស្រីស្នំ ដែលមាននៅសល់ផ្ទៃដីដែល មានមីន ចំនួន ១៥៥ ហិកតា និងស្រុកពួក ចំនួន ២៧៤ ហិកតា៕
ដោយៈនាង សុគន្ធា

ads banner