ឯកឧត្តម ព្រុំ សុខា អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ បើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ និងផ្តល់បាឋកថាចែករំលែកបទពិសោធន៍ នៃកម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍

(ភ្នំពេញ)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលា ភូមិន្ទរដ្ឋបាល បាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ និងបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៤ សម្រាប់កម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ព្រមទាំងបានចូលរួមផ្ដល់បាឋកថាចែករំលែកបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ ដល់អង្គពិធីទាំងមូលផងដែរ ។

ពិធីនេះបានរៀបចំឡើង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានការចូលរួមពីតំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល សិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី៣ និងជំនាន់ទី៤ សរុបអ្នកចូលរួមមានចំនួន ៤៣១នាក់ ។

វគ្គបណ្ដុះបណ្ដាលស្ដីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ការគាំទ្រចំណេះដឹងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំនិងការគ្រប់គ្រងការផ្លាស់ប្តូរអង្គភាព និងរបៀបរៀបចំកន្លែងការងារប្រកបដោយកិច្ចសហការល្អនិងផលិតភាពខ្ពស់ ។

សូមបញ្ជាក់ផងដែរថា នាពេលកន្លងមក សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ បានធ្វើការបណ្ដុះបណ្ដាលសិក្ខាកាម៣ជំនាន់រួចមកហើយ ដែលសមាសភាពចូលរួមជាថ្នាក់ដឹកនាំមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល រហូតដល់អភិបាលរាជធានីខេត្តទាំង២៥ សរុបមានចំនួន ៤៨៣នាក់ ក្នុងនោះស្រី៧៦នាក់។ ការបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង។

បច្ចុប្បន្ន សិក្ខាកាមជំនាន់ទី៤ កំពុងទទួលការបណ្ដុះបណ្ដាលមានចំនួន ១៨៨នាក់ ក្នុងនោះស្រី ៣៦នាក់ មកពីក្រសួង ស្ថាប័នចំនួន ២៨ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ២៥រាជធានី-ខេត្ត៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner