សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជាមកដល់ រាជធានីភ្នំពេញដោយសុវត្ថិភាពក្រោយបំពេញទស្សនកិច្ចផ្លូវការ ប្រកបដោយ លទ្ធផលដ៏ត្រចះត្រចង់ នៅសាធារណរដ្ឋម៉ាល់ឌីវ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ មករា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋា ភិបាល កម្ពុជា មកដល់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាដោយ សុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណ រដ្ឋម៉ាល់ឌីវ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ រយៈពេលពីរ យប់ បីថ្ងៃរួចមក ។
ទទួលដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា រួមមាន៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ។
សូមរំលឹកថា តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបំពេញ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់១៧ ខែមករា ឆ្នាំ២០២៣។
ឯកឧត្តម ប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី និងសម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបប្រជុំផ្លូវការ នៅថ្ងៃ ទី១៦ ខែមករា ក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ ស្និទ្ធស្នាល និងមិត្តភាព។ ថ្នាក់ដឹកនាំទាំងពីរ បានពិនិត្យ ឡើងវិញនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមទាំងការ ស្វែងរកមធ្យោបាយថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម ទៀតលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ទៅវិញទៅមក។
ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ហ្វៃសល ណាស៊ីម អនុប្រធានាធិបតី ឯកឧត្តម ម៉ូហាមេដ ណាស៊ីដ ប្រធានសភា និងជាអតីត ប្រធានាធិបតី ឯកឧត្តម អាមេដ ម៊ូតថាស៊ីម អាដណាន ប្រធានតុលាការកំពូល និងឯកឧត្តម អាប់ឌុលឡា សាហ៊ីឌ រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ។
ក្រោយបញ្ចប់ជំនួបផ្លូវការ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សី ក្នុង ការចុះហត្ថលេខាលើលិខិតតុបករណ៍ទ្វេភាគី រវាងប្រទេស ទាំងពីរ ដូចខាងក្រោម៖
- កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ លើក លែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។
- កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច។
- អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះ យោបល់ ទ្វេភាគីរវាងក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ និង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជា ណាចក្រកម្ពុជា ។
- អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាល នៃ សាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជា ណា ចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
- អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាល នៃ សាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជា ណា ចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។
- អនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ និងសភាពាណិជ្ជកម្មកម្ពុជា ៕ ដោយ៖ វណ្ណលុក