ប្រជាជនអង់គ្លេសរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ដើម្បីសម្តែងការតវ៉ាប្រឆំាង នឹងការប្រកាសផ្អាកដំណើរការសភា
អង់គ្លេស៖ ពលរដ្ឋអង់គ្លេសរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេស ចាប់តំាងពីយប់ថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីសម្តែងការតវ៉ាប្រឆំាងនឹងការប្រកាសរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ពាក់ព័ន្ធនឹងផ្អាកដំណើរការសភា។
នេះបើតាមសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បត្តិ៍នេះ។ ទន្ទឹមគ្នានេះ ក្រុមអ្នកប្រឆាំងនឹងលោក ចនសុន បានអះអាងថា ការសម្រេចចិត្តរបស់លោក ដែលត្រូវបានអនុម័តដោយម្ចាស់ក្សត្រីអង់គ្លេស អេលីហ្សាប៊ែតទី២ គឺជាសកម្មភាពមួយ ដែលមានចេតនាកាត់បន្ថយសិទ្ធិអំណាចសមាជិកសភា ដើម្បីបញ្ឈប់លោកពីការយកអង់គ្លេសចេញពីសហភាពអឺរ៉ុប នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ដោយគ្មានកិច្ចព្រមព្រៀង។
គួរបញ្ជាក់ថា ការផ្អាកដំណើរការសភានេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់លោក ចនសុន ដើម្បីតតាំងទៅនឹងសមាជិកសភាជាច្រើន ដែលចង់ជំទាស់ចំពោះការនាំអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនោះ។ លោក បូរីស ចនសុន បានហៅការសម្រេចព្រះទ័យផ្អាកដំណើរការសភានោះ គឺជារឿងដ៏រំភើបបំផុតមួយ។ ប៉ុន្តែវាមានន័យថា ពេលវេលាដែលសមាជិកសភាត្រូវអនុម័តច្បាប់ ដើម្បីរារាំងការគ្មានកិច្ចព្រមព្រៀងចាកចេញពីអឺរ៉ុប ឬ ណូ ព្រីហ្ស៊ីត (No Brexit) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣១ ខែតុលានោះ នឹងត្រូវបានកាត់បន្ថយពេលផងដែរ៕ធ.ដ



