ប្រធានាធិបតីម៉ិកស៊ិក ហៅករណីវាយប្រហារនៅក្លិបកម្សាន្ត ដែលផ្តាច់ជីវិតមនុស្សកើន ជិត៣០នាក់ថា ជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម

ម៉ិកស៊ិក៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារដោយការចោលគ្រាប់បែកសាំងនៅក្លិបរាត្រីមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសម៉ិកស៊ិក កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បានបន្តកើនឡើងដល់២៨នាក់ហើយ។ នេះបើតាមសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បត្តិ៍នេះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃពុធម្សិលមិញ ប្រធានាធិបតីម៉ិកស៊ិក លោក ម៉ានូអែល ឡប់ប៉េស អូប្រាឌ័រ បានហៅករណីវាយប្រហារនោះថា ជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ហើយថា អាជ្ញាធរសហព័ន្ធនឹងបើកការស៊ើបអង្កេតរកភ័ស្តុតាង ដែលវាអាចមកពីការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាន និងឧក្រិដ្ឋជនដែលបានរៀបចំឡើង។

យោងតាមប្រភពរបស់អាជ្ញាធរម៉ិកស៊ិកបានឱ្យដឹងថា ករណីវាយប្រហារដ៏អាក្រក់នេះបានកើតឡើងនាវេលាយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅក្លិបឈ្មោះ ខាបាលឡូ ប្លង់កូ ក្នុងទីក្រុង ខូតហ្សាខូលខូស រដ្ឋ វែរ៉ាគ្រូស ហើយបើតាមសាក្សីមួយចំនួននោះ មនុស្សមួយក្រុមបានធ្វើសកម្មភាពបាញ់ប្រហារ រួចគប់គ្រាប់បែកសាំងទៅលើកន្លែងនោះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner