ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍ថ្កោលទោស សុគន្ធារៈ ឡុង (Video Inside)
ក្រសួងការពារជាតិ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃច័ន្ទ ទី២៣ មករា ឆ្នាំ២០២៣ ថ្កោលទោសឈ្មោះ សុគន្ធារៈ ឡុង «ដែលបានក្លែងបន្លំឯកសណ្ឋានយោធា និងឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់កម្ពុជា ហើយចេញវីដេអូប្រមាថ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត»។
លិខិតរបស់ក្រសួងការពារជាតិចោទថា «ទង្វើរបស់បុគ្គលពាលរូបនេះ តាមរយៈការញុះញង់, ការគ្រោងឯកសណ្ឋានយោធាដោយខុសច្បាប់, ការធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតមិនអាចលើកលែងបាន»។
សេចក្តីថ្លែងការណ៍ដដែលបានសរសេរថា «ក្រសួងការពារជាតិ សូមប្រកាសប្រឆាំងដាច់ខាត ចំពោះជនណា ដែលព្យាយាមធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ និងសូមប្ដេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងសុខសន្តិភាពប្រទេសកម្ពុជា ដោយមិនឱ្យជនណាមួយ មករំលោភបំពានបានឡើយ»។
សេចក្តីថ្លែងការណ៍ដដែលបានអំពាវនាវកុំឱ្យចែកចាយបន្ត នូវវីដេអូរបស់បុគ្គលពាលក្រៅសង្គមរូបនេះ និងបានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការ ដើម្បីផ្ដន្ទាទោសជននោះតាមផ្លូវច្បាប់។