លោក ហ៊ុន ម៉ានី អំពាវនាវសមត្ថកិច្ចចាត់វិធានការលើអ្នកក្លែងបន្លំជាឧត្តមសេនីយ៍ឯកកង យោធពលខេមរភូមិន្ទ និងការប្រើសម្តីវាយប្រហារលើបងប្រុស (Video Inside)

ការក្លែងអត្តសញ្ញាណបន្លំជានាយទាហានថ្នាក់ឧត្តមសេនីយ៍ឯក ជាមួយការប្រើប្រាស់ពាក្យ សម្តីប្រមាថវាយប្រហារមកលើបណ្ឌិត ហ៊ុន ម៉ាណែត បានជំរុញឱ្យតំណាងយុវជនកម្ពុជា អំពាវនាវអាជ្ញាមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។

ឈ្មោះ សុគន្ធារៈ ឡុង ដែលគេស្គាល់ថាជាមនុស្សរបស់ទណ្ឌិត សម រង្ស៊ី ក្នុងសម្លៀកបំពាក់គ្រងបន្លំជាឧត្តមសេនីយ៍ឯក នៃកងយោធពលខេមរភូមិន្ទ បានបង្ហោះវីដេអូមួយតាមបណ្តាញសង្គម ប្រើប្រាស់ពាក្យសម្តីវាយប្រហារដាក់មកលើលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងនិយាយប្រមាថដល់ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន។

សម្តីប្រមាថ និងមានចរឹតបង្កភាពពិសពុលនេះ គឺជាផ្នែកមួយ នៃនយោបាយទុច្ចរឹតរបស់ សម រង្ស៊ី និងបក្ខពួក ដែលព្យាយាមញុះញង់ចង់បង្កភាពចលាចល និងអសន្តិសុខដល់ប្រទេសកម្ពុជា ដែលទើបបានទទួលសន្តិភាពរយៈពេល២៥ឆ្នាំ កន្លងមកនេះ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី ដែលត្រូវជាប្អូនប្រុសរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងតាមបណ្តាញសង្គមថា សម្តីរបស់បុគ្គល សុគន្ធារៈ ឡុង បានបង្កប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសដល់បងប្រុសរបស់លោកដែលជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។

ឈ្មោះ សុគន្ធារៈ ឡុង ដែលប្រើសម្តីប្រមាថបង្កភាពពិសពុលនយោបាយនេះ គឺពីមុនជាអតីតសង្ឃខ្មែរ ដែលត្រូវបានគេធានាទៅរស់នៅអាមេរិក។ បុគ្គលនេះក្រោយមកបានក្លាយជា មនុស្សបំរើនយោបាយឱ្យទណ្ឌិត សម រង្ស៊ី ក្នុងការធ្វើជាឈ្នាន់វាយប្រហារពាក្យសម្តីដាក់មក លើក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ជាពិសេសលើបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអនាគតបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ានី ក្នុងប្រតិកម្មតាមបណ្តាញសង្គមដដែល បានសរសេរថា «នេះជាការប្រមាថ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន, ពាក្យសម្តីដ៏ព្រហើនគ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់ដល់អារម្មណ៍ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ។ ខ្ញុំសូមអំពាវនាវឱ្យសមត្ថកិច្ច ចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធាមកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋានដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិតិ្តយសបុគ្គលផង និងកិត្តិយសស្ថាប័នជាតិនៃយើងផង»។

ads banner