កម្ពុជា ស្នើស្វីសពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីរវាងប្រទេសទាំងពីរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅ កំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកា សេដ្ឋកិច្ចពិភពលោក បានជួបពិភាក្សាការងារ និងបានស្នើសុំលោក ស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការ ដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ពិនិត្យលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ប្រភពក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា នៅក្នុងជំនួប នាទីក្រុង ដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីស កាលពីសប្តាហ៍មុន ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោកស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរ ដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បី ពិភាក្សាការងារស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ដោយបានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣ ដែលនាំឱ្យមាន ទំនាក់ ទំនងល្អរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ៖ «ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស ទំាងពីរគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយ នៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេស ស្វីស មានចំនួនសរុបប្រមាណ ៣៧៩ លានដុល្លារអាមេរិក។ រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណ ជាង ៩៧៤ លានដុល្លារ។ ហេតុដូច្នេះ បានជាលោកស្នើសុំលោកស្រី Helene Budliger Artieda ពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រម ព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹងកិច្ច សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់ តែទូលំ ទូលាយ និងស៊ីជម្រៅ»។

ក្នុងពេលនោះដែរឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍនានាក្នុងវិស័យ ជាច្រើន ដូចជា អភិបាលកិច្ចល្អ និងការចូលរួមរបស់ ប្រជា ពលរដ្ឋ ចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។

ចំពោះការស្នើនេះដែរ លោកស្រី Helene Budliger Artieda បានឆ្លើយតបថា ប្រទេសស្វីសស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ ខណៈដែល រដ្ឋាភិបាលស្វីសបាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរ ការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាផងដែរ។ លោកស្រីបានបញ្ជាក់ថា ៖ «កម្ពុជា និងស្វីស នឹងប្តេជ្ញាចិត្តបង្កើនទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព បន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ផងដែរ»។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ ឱ្យដឹងថា សម្រាប់សភាពាណិជ្ជកម្ម តែងតែគាំទ្រនូវការបង្កើតកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងបណ្តាប្រទេសផ្សេងៗ ជាពិសេស ជាមួយប្រទេសស្វីសនេះតែម្តង ដោយសភាពាណិជ្ជកម្មរងចាំផ្តល់ ជាធាតុចូលបន្ថែមជានិច្ចនៅពេលដែលមានការពិភាក្សានានា ក្នុង ការបង្កើតកិច្ចព្រមព្រៀងនេះ។លោកបានថ្លែងថា ៖ «កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងអស់នេះហើយ ជាជំនួយដ៏សំខាន់ នៅពេល ដែលយើងអស់ អ៊ីប៊ីអេ(EBA) ពីសហគមន៍អឺរ៉ុបនាខាងមុខ។ ដូច្នេះ យើងរំពឹងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះហើយ ដែលនឹងមក ជំនួស ប្រព័ន្ធអនុគ្រោះទាំងនោះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមការនាំចេញ នាំចូលផលិតផ្សេងៗ»។

អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ឱ្យដឹងដែរថា ស្វីសជាប្រទេស ដែលមានសក្តានុពលខ្លាំង ដែលត្រូវបានគេចាត់ទុកជាប្រទេសអ្នកមាននៅប្លុកអឺរ៉ុប និងមាន អំណាចពាណិជ្ជកម្មខ្លាំងក្លាណាស់។ ដូចនេះបើសិនជាកម្ពុជា មានកិច្ចព្រមព្រៀង ឬកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត លើវិស័យពាណិជ្ជកម្ម ជាមួយប្រទេសនេះ គឺជាឱកាសល្អរបស់ កម្ពុជា។

លោកបានបញ្ជាក់ដូច្នេះថា ៖ «នៅពេលយើងមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយស្វីស ការនាំចេញផលិតផលមួយចំនួនដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ កង់ ផលិតកសិកម្មនានា ទៅកាន់ តំបន់អឺរ៉ុប នឹងមានការកើនឡើង។ម្យ៉ាងវិញទៀត កិច្ចសហការ កាន់តែជិតស្និទ្ធជាមួយស្វីស ប្រៀបដូចជាការបង្កើនកិច្ច សហការ ល្អជាមួយសហភាពអឺរ៉ុប ផងដែរ ដែលធ្វើឱ្យអ្នកវិនិយោគពីបណ្តា ប្រទេសដទៃទៀតចាប់អារម្មមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញ ទៅកាន់ប្រទេសស្វីស ក៏ដូចជាសហភាពអឺរ៉ុបនេះ»។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាន បង្ហាញថា នៅក្នុងឆ្នាំ២០២២កន្លងទៅ ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងកម្ពុជា និងស្វីស សម្រេចបានក្នុងទំហំទឹកប្រាក់ ជាង១.៤៤៥ លានដុល្លារ កើនឡើង៤៨,៣ភាគរយ។នៅក្នុងនោះកម្ពុជានាំចូលពីស្វីស មានទំហំទឹកប្រាក់ជាង១.៤៣៥ លាន ដុល្លារ កើនឡើង៤៩ភាគរយ ខណៈដែលការនាំចេញទៅ ស្វីសវិញ មានតម្លៃទឹកប្រាក់ជិត១០លានដុល្លារ ថយចុះជាង ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕
ដោយ៖វណ្ណ សុជាតា

ads banner