រុស្ស៊ីទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយអេស្តូនី រហូតឈានដល់ការបណ្តេញទូតចេញពីប្រទេស

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា ខ្លួនបានបន្ទាបកម្រិតទំនាក់ទំនងការទូតជាមួយអេស្តូនី ហើយបានប្រាប់ឯកអគ្គរដ្ឋទូតរបស់ប្រទេសបាល់ទិកនេះប្រចាំនៅរុស្ស៊ីឱ្យចាកចេញ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទសប្តាហ៍នេះថា បេសកជនអេស្តូនីក៏ត្រូវបានកោះហៅជុំវិញបញ្ហានេះផងដែរ។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំអេស្តូនីបាននិងកំពុងបំផ្លាញទំនាក់ទំនងជាមួយរុស្ស៊ីដោយចេតនា ហើយថា ចំណាត់ការនេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អេស្តូនីកាលពីពេលថ្មីៗកន្លងមកនេះ។

កាលពីថ្ងៃទី១១ ខែមករាឆ្នាំនេះ ក្រសួងការបរទេសអេស្តូនីបានប្រាប់ទីក្រុងមូស្គូឱ្យកាត់បន្ថយចំនួនអ្នកការទូតរុស្ស៊ី ដែលប្រចាំការនៅរដ្ឋធានី Tallinn នៅត្រឹមថ្ងៃទី១ ខែកុម្ភៈខាងមុខ។ បន្ទាប់ពីការវិវត្តន៍ចុងក្រោយនេះ ក្រសួងការបរទេសអេស្តូនីបានបង្ហោះសារថា បេសកជនរុស្ស៊ីប្រចាំនៅអេស្តូនីនឹងចាកចេញក្នុងពេលដំណាលគ្នាជាមួយឯកអគ្គរដ្ឋទូតអេស្តូនី។

គួរបញ្ជាក់ផងដែរថា អេស្តូនី និងប្រទេសបាល់ទិកពីរផ្សេងទៀតបានបង្កើនការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងចំពោះរុស្ស៊ី ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនមក។ បន្ថែមលើនេះ រដ្ឋមន្ត្រីការបរទេសរបស់ពួកគេ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យអាល្លឺម៉ង់ផ្តល់រថក្រោះខ្លារខិន Leopard 2 ដល់អ៊ុយក្រែនផងដែរ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner