អ្នកនិពន្ធ ធឿន សុធា បង្ហាញភាពលំបាកក្នុងវិស័យនិពន្ធ ស្របពេល ចេញផ្សាយស្នាដៃថ្មីមួយទៀត
ភ្នំពេញ៖ ទោះបីជាបច្ចុប្បន្នបច្ចេកវិទ្យាមានភាពជឿនលឿនតាម រយៈ ការប្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀតសម្រាប់ ជា ជំនួយដល់ការអានក៏ពិតមែន ប៉ុន្តែមានមនុស្សជាច្រើននៅតែបន្ត ការអានលើក្រដាសសៀវភៅដដែល។
មានអ្នកនិពន្ធជាច្រើនបានចេញផ្សាយស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះគេសង្កេតឃើញប្រលោមលោកនៅតែមានប្រជាប្រិយភាពសម្រាប់អ្នកអានទូទៅ។
លោក ធឿន សុធា ជាអ្នកនិពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធប្រលោម លោក ខ្មែរ ដែលលោកទើបតែនឹងចេញផ្សាយសៀវភៅប្រលោម លោក ថ្មីមួយទៀតក្នុងខែមករា នេះ។
ទាក់ទងនឹងរឿងប្រលោមលោកខ្មែរ លោកយល់ឃើញថាល្អ និងមាន ការរីកចម្រើនខ្លាំង ដោយសារស្នាដៃថ្មីៗចេញនៅលើទីផ្សារក៏ច្រើន អ្នកអានដែលជាយុវជន ឬជាក្មេងៗជំនាន់ក្រោយ ក៏ចូលចិត្តអាន បែប ជាសាច់រឿងមួយរឿងពេញ ឬជារឿងភាគជាដើម។
លោក ធឿន សុធា បានប្រាប់ថា ៖ «អ្នកនិពន្ធយើងបានបង្កប់នូវ តម្លៃ អប់រំល្អៗនៅក្នុងសៀវភៅប្រលោមលោកទាំងនោះ ជាពិសេសអ្នកអាន ថ្មីៗជាហូរហែ ក៏បានបង្វែរមកនិយមអានសៀវភៅលើកទឹកចិត្ត សៀវភៅ ទស្សនៈ ឬសៀវភៅចំណេះដឹងផ្សេងៗ ក៏កើតចេញពីអ្នក អាន ប្រលោមលោកផងដែរ»។
លោកបានបន្ថែមក្នុង នា មជាអ្នកនិពន្ធ ៖ «ខ្ញុំសង្ឃឹមថាអ្នកអាន ក៏ដូចជាការតែងនិពន្ធស្នាដៃថ្មីៗ នឹងកាន់តែកើនឡើង ហើយ កាន់តែមានគុណភាព គឺដើម្បីបំពេញតម្រូវការសៀវភៅ អាន នាពេលបច្ចុប្បន្នយើងនេះ»។
ជាមួយគ្នានេះដែរអ្នកនិពន្ធប្រលោកខ្មែររូបនេះ ក៏បានស្នើឱ្យ អ្នកនិពន្ធមួយចំនួនដទៃទៀតបន្ថែមតម្លៃអប់រំ ផ្នត់គំនិតល្អៗ ថ្មីៗ និងការលើកទឹកចិត្តឱ្យបានច្រើន ជាជាងការអានគ្រាន់តែជា ការ កម្សាន្ត ហើយសំណូមពរឱ្យអ្នកនិពន្ធបន្តផលិតស្នាដៃក្រោយៗ កាន់តែល្អ កាន់តែខ្លឹម មានក្បូនមានខ្នាត របៀបរបបត្រឹមត្រូវ និងគួរណារៀនសូត្របន្ថែមពីស្នាដៃរបស់រៀមច្បងជំនាន់មុន ឬក៏ចូលរួមវគ្គបណ្តុះបណ្តាលនានាឱ្យកាន់តែមានចំណេះជំនាញ់កាន់ប្រសើរឡើងៗ។
អ្នកនិពន្ធ ធឿន សុធា ជាអ្នកនិពន្ធវ័យក្មេងមួយរូបដែលអាចនិពន្ធ បាន សៀវភៅស្ទើរតែគ្រប់ទម្រង់ទាំងសៀវភៅគំនិត និងប្រលោមលួង លោម ។ លោកអះអាងថា ៖ «សម្រាប់ខ្ញុំ គឺបានទាំងពីរ ដោយអាស្រ័យលើ ស្ថានភាព បរិយាកាស និងអារម្មណ៍ថាផ្តោតមួយណាបានល្អជាង។ ប៉ុន្តែបើឱ្យជ្រើសរើសយកតែមួយ គឺសៀវភៅបែបផ្នត់គំនិត ខ្ញុំចូលចិត្ត និងឆាប់ចូលអារម្មណ៍បានលឿនជាង»។
អ្នកនិពន្ធដែលទើបចាប់អាជីពជាអ្នកនិពន្ធរូបនេះ មិនទាន់បានពីរ ឆ្នាំពេញលេញផង លោកបាននិពន្ធ និងបោះពុម្ពផ្សាយស្នាដៃរហូត ប្រាំចំណងជើង។ លោកបានបង្ហាញពីបញ្ហាប្រឈមក្នុងពេលនិពន្ធឡើងចាប់តាំងពីឆ្នាំ២០២១មក គឺមានជួបបញ្ហាច្រើន ច្រើនរហូតដល់ពេលខ្លះចង់បោះបង់ ឬផ្អាកម្តងៗក៏មានដែរ។
លោកបានប្រាប់ថា ៖ «ធ្វើម៉េចបើយើងជ្រុលជាដើរលើវិថីនេះហើយ។ ម្យ៉ាងមានគេស្គាល់ និងមានអ្នកគាំទ្រជាច្រើនចេះតែចង់ឱ្យបន្ត ចង់ បាន ស្នាដៃថ្មី ហើយខ្លួនឯងផ្ទាល់ ក៏នៅតែមានចិញ្ចឹមចិត្តស្រឡាញ់ នៅតែខ្លាំង ទោះបីជាដឹងមុនថាលំបាកក្តី តែសេចក្តីស្រឡាញ់ វាធំជាង និងធ្ងន់ជាង ធ្ងន់រហូតភ្លេចអស់ការលំបាកនានាដោយមិនដឹងខ្លួន»។
លោកបញ្ជាក់បន្ថែម ៖ «បើនិយាយពីការលំបាក គឺចាប់តាំងពីក្បាល ដំបូងមកម្ល៉េះ ព្រោះយើងដឹងហើយថាវិស័យ ឬក៏ការតែងនិពន្ធនេះ ប្រហែលជាមិនងាយស្រួលនោះទេ មិនងាយមានបាន។ អ្នកអាន ក៏នៅមានកម្រិត។ ការផ្សព្វផ្សាយ និងការជួយជ្រោមជ្រែង ក៏មិន បានទូលំទូលាយទៀត»។
ចំណែកឯចំណេះដឹងខ្លួនឯងផ្ទាល់ ឯកសារស្រាវជ្រាវ ក្បួនច្បាប់ តែងនិពន្ធ ក៏មិនសូវជាមានច្រើន ។ត្រូវគិតថាគួរសរសេរបែបណា។ ជ្រើសរើសយកមុំណាដែលថ្មី ប្លែក បែបជាខ្មែរ ចាក់ចំចំណុចរសើប ឬងាយបានជាប្រយោជន៍ដល់អ្នកអានជាដើម។ លោក ធឿន សុធា បានបន្ថែម ដោយលោកបន្តថា អ្វីដែលចាំបាច់នោះ គឺមិនស្រដៀងគេ មិនយករបស់គេមកលើកឡើង មិនហួសហេតុនិងមិនផ្ទុយពី តថភាព ក្នុងសង្គម ហើយមានរូបភាពជាខ្មែរ ដើម្បីកូនខ្មែរដូចគ្នា។
ចូលដល់ការបោះពុម្ពវិញម្តង គឺរិតតែពិបាកថែមមួយកម្រិតទៀត ដោយសារលោកត្រូវធ្វើទីផ្សារ ដើរចែកចាយ ដឹកជញ្ជូន រករោងពុម្ព ផ្តល់ជាភាគរយខ្ពស់ មានអ្នកជំពាក់បន្ត ការទូទាត់យឺតយ៉ាវ ជាដើម។
លោកបានប្រាប់ថា ៖ «និយាយឱ្យងាយយល់ គឺមិនខុសពីអ្នកធ្វើ អាជីវកម្មនោះទេ។ សរុបមក វាមិនមែនសរសេររួចបោះពុម្ព និង ចេញផ្សាយ ហើយអង្គុយចាំតែទទួលផលនោះទេ គឺមានឧសបគ្គ ជាច្រើនរៀបរាប់មិនអស់…។ ជាចុងបញ្ចប់ វាជួបបញ្ហាច្រើនមែនពិត តែក៏នៅមានសេចក្តីរីករាយ រំភើប និងសប្បាយរីករាយជាច្រើន បានមកពីការដែលមានឈ្នោះជាអ្នកនិពន្ធក៏មានមិនតិចដែរ»។
សូមជម្រាបថា ស្នាដៃថ្មីដែលអ្នកនិពន្ធ ធឿន សុធា ទើបនឹងចេញ ផ្សាយមានចំណងជើងថា «ឪពុកខ្ញុំជាវីរៈបុរស» ជាប្រភេទ ប្រលោមលោក មនោសញ្ចេតនាខ្សែជីវិតដែលគ្រប់វគ្គនីមួយៗ សុទ្ធសឹងតែបានឆ្លុះបញ្ចាំងពីបញ្ហា ការសម្រេចចិត្ត កំហុស និងការហួងហែង ទាមទារឱ្យគ្រប់យ៉ាងស្របទៅតាមការ ចង់បានរបស់ខ្លួន ដោយមិនខ្វល់ពីផលប៉ះពាល់ដល់ប្រយោជន៍ អ្នកដទៃ។
លោក ធឿន សុធា ថា សៀវភៅនេះនឹងនាំលោកអ្នកឱ្យចេះទទួលស្គាល់ការពិត និងរៀនប្រើប្រាស់ជីវិតដោយអនុញ្ញាតឱ្យរឿងរ៉ាវមួយចំនួនប្រព្រឹត្តទៅតាមលំហូររបស់ជីវិត ជាពិសេសឱ្យស្គាល់អ្វីទៅជាសុភមង្គល និងសេចក្តីស្រឡាញ់ពិតប្រាកដ៕
ដោយ៖ហ៊ួន ស៊ីឡូន