ប្រេស៊ីល ប្រកាសទទួលយកជំនួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអាម៉ាហ្សូន ប៉ុន្តែទាមទារឲ្យមានលក្ខខណ្ឌ
ប្រេស៊ីល៖ អ្នកនាំពាក្យប្រធានាធិបតីប្រេស៊ីលបាននិយាយថា រដ្ឋាភិបាលប្រេស៊ីលបើកទទួលការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុពីបណ្តាអង្គការ និងប្រទេសនានា ដែលចង់ជួយដល់ការពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ក៏ប៉ុន្តែនៅពេលថវិកាទាំងនោះចូលមកដល់ប្រេស៊ីល ពួកវានឹងត្រូវតែស្ថិតក្រោមការចាត់ចែងទាំងស្រុងរបស់ប្រេស៊ីល។
ការប្រកាសខាងលើនេះ ធ្វើឡើងក្រោយអភិបាលនៅតាមរដ្ឋក្នុងតំបន់ព្រៃ អាម៉ាហ្សូន បានប្រាប់ប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ បូលសូណារ៉ូ ថា ពួកគេត្រូវការជាចាំបាច់នូវថវិកាជំនួយទាំងនោះ ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងពន្លត់ភ្លើងព្រៃ អាម៉ាហ្សូន ដែលកំពុងឆាបឆេះក្នុងអត្រាគួរឲ្យបារម្ភជាខ្លាំង។ ដោយឡែកលោក បូលសូណារ៉ូ ផ្ទាល់បានបញ្ជាក់ជាថ្មីថា លោកអាចពិចារណាទទួលយកលុយប្រមាណជាង២២លានដុល្លារពីប្រទេស G7 ប្រសិនបើប្រធានាធិបតីបារាំង លោក ម៉ាក្រុង លុបចោលការប្រមាថចំពោះលោកវិញ ខណៈមួយរយៈចុងក្រោយនេះ លោក បូលសូណារ៉ូ និងលោក ម៉ាក្រុង បានទាស់ពាក្យសម្តីគ្នាជាខ្លាំង។
សូមបញ្ជាក់ថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយកឧស្ម័នកាបូនជាច្រើន ហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុពិភពលោក។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល៕ធ.ដ




