ចិនខឹងសម្បារជាខ្លាំងលើមេដឹកនាំប្រទេស G7 ចំពោះការលើកឡើងពីបញ្ហា នៅទីក្រុងហុងកុង

ចិន៖ រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងនូវការមិនពេញចិត្តយ៉ាងខ្លាំងជាមួយនឹងសេចក្តីថ្លែងការណ៍រួម ចេញដោយមេដឹកនាំប្រទេសមហាសេដ្ឋកិច្ច G7 ដែលបានគាំទ្រស្វ័យភាពរបស់ទីក្រុងហុងកុង និងបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីមានភាពចលាចលជាច្រើនខែ។

មេដឹកនាំប្រទេស G7 ដែលជួបប្រជុំគ្នានៅប្រទេសបារាំង បានគាំទ្រស្វ័យភាពរបស់ហុងកុង ដូចដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៨៤ រវាងអង់គ្លេស និងចិន ហើយថែមទាំងបានជំរុញឱ្យមានភាពស្ងប់ស្ងាត់នៅក្នុងទីក្រុងហុងកុងផងដែរ។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់រដ្ឋាភិបាលបរទេសថា បានជ្រៀតជ្រែកកិច្ចការរបស់ទីក្រុងហុងកុង ហើយបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក កេង សួង ក្រុមប្រទេស G7 កំពុងជ្រៀតជ្រែក និងបង្កប់នូវចេតនាអាក្រក់។

គួរបញ្ជាក់ថា ទីក្រុងហុងកុង បានផ្ទុះការតវ៉ាអស់រយៈពេលជាងពីរខែមកហើយ ពាក់ព័ន្ធនឹងការប៉ុនប៉ងរបស់រដ្ឋាភិបាលដែលគាំទ្រដោយទីក្រុងប៉េកាំង ក្នុងការអនុម័តច្បាប់ធ្វើបត្យាប័ន ដែលក្រុមប្រឆាំងមើលឃើញថា ជាឧបសគ្គដ៏ធំមួយនៅក្នុងស្វ័យភាពរបស់ទីក្រុងហុងកុង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner