លោក ប្រាយុទ្ធ ចាន់អូចា រងការចោទប្រកាន់ពីបទរំលោភរដ្ឋធម្មនុញ្ញ ដោយសារមិនបាន ស្បថសព្វគ្រប់ មុនពេលចូលកាន់តំណែងនាយករដ្ឋមន្ត្រីថៃ
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក បានរំលោភរដ្ឋធម្មនុញ្ញ ដោយសារតែខកខានមិនបានធ្វើសម្បថពេញលេញនៅចំពោះព្រះភក្ត្រព្រះមហាក្សត្រកាលពីខែមុន។ នេះបើតាមការិយាល័យអង្គការវិន័យមន្ត្រីរាជការថៃ។
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រី៣៥រូបនៃគណៈរដ្ឋមន្ត្រីរបស់លោកបានសច្ចាចំពោះព្រះករុណាព្រះបាទ មហាវេជីរ៉ាឡុងកន នៅពិធីមួយក្នុងវិមាននៅទីក្រុងបាងកក កាលពីថ្ងៃ១៦ ខែកក្កដាកន្លងទៅ តែបានលុបចោលវគ្គចុងក្រោយ ដែលចែងថា ប្រកាន់ខ្ជាប់ និងដើរតាមរដ្ឋធម្មនុញ្ញ។
លោក រ៉ាក់សាចេស្តា ឆែឆៃ ដែលជាអគ្គលេខានៃការិយាល័យ Ombudsman បានប្រាប់អ្នកសារព័ត៌មានថា នាយករដ្ឋមន្ត្រីថៃមិនបានសូត្រគ្រប់ពាក្យ ដែលរដ្ឋធម្មនុញ្ញតម្រូវទេ ដូច្នេះ ការស្បថនេះមិនពេញលេញ។ លោកបន្ថែមថា តុលាការធម្មនុញ្ញនឹងសម្រេចថា តើអ្វីត្រូវធ្វើបន្ត ដោយសារតែការស្បថមិនគ្រប់នេះ មានន័យថា រាល់អំពើនៃរដ្ឋាភិបាលអាចត្រូវបានគេមើលឃើញថា អធម្មនុញ្ញ។ យ៉ាងណាមិញ លោក ប្រាយុទ្ធ បានបដិសេធមិនឆ្លើយនៅពេលត្រូវបានសួរអំពីការសម្រេចរបស់អង្គការវិន័យនេះ។
គួរបញ្ជាក់ថា Ombudsmen ជាអង្គការមួយដែលតែងតាំងឡើងដោយព្រះមហាក្សត្រ តាមការណែនាំពីព្រឹទ្ធសភាថៃ។ អង្គការនេះ មានភារកិច្ចស៊ើបអង្កេតបណ្តឹងប្តឹងដោយសាធារណៈជន ប្រឆាំងមន្ត្រីសាធារណៈ និងបណ្តាទីភ្នាក់ងាររដ្ឋ ហើយវាមានអំណាចកាត់ទោស តែមិនអាចចាប់បង្ខំឲ្យអនុវត្តន៍សាកក្រមទេ៕ធ.ដ



