អាល្លឺម៉ង់សន្យាផ្តល់ប្រាក់ ២០០លានដុល្លារជួយអភិរក្សព្រៃ អាម៉ាហ្សូន នៅពេលដែលលោក សូលស៍ ជួបប្រធានាធិបតីប្រេស៊ីល
ប្រាស៊ីលីយ៉ា៖ ប្រទេសអាល្លឺម៉ង់ ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានគូសបញ្ជាក់ពីការរួមចំណែកថវិកាជាង ២០០លានដុល្លារសម្រាប់គម្រោងបរិស្ថានក្នុងប្រទេសប្រេស៊ីល ខណៈដែលអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស បានទៅទស្សនាការបំផ្លិចបំផ្លាញដ៏ធំរបស់ព្រៃ Amazon ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro។
កញ្ចប់ថវិកានេះរួមបញ្ចូលទាំងជំនួយថ្មីចំនួន ៣៣.៦លានដុល្លារសម្រាប់រដ្ឋប្រេស៊ីលប្រើប្រាស់ដើម្បីការការពារព្រៃឈើ បន្ថែមពីលើថវិកា ៣៨លានដុល្លារផ្សេងទៀតដែលបានប្រកាសរួចហើយ សម្រាប់មូលនិធិការពារព្រៃ Amazon ដែលអាល្លឺម៉ង់ និងន័រវេសបានបញ្ឈប់ការផ្តល់ឱ្យរដ្ឋបាលលោក Bolsonaro ពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុ។
ការការពារ Amazon ដែលជាព្រៃដ៏សំខាន់សម្រាប់ការស្រូបយកកាបូនឌីអុកស៊ីតកំដៅពីភពផែនដី បានស្ថិតនៅក្នុងរបៀបវារៈកម្រិតខ្ពស់សម្រាប់កិច្ចពិភាក្សារវាងលោក សូលស៍ និងប្រធានាធិបតីថ្មីឆ្វេងនិយមរបស់ប្រទេសប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើងវិញ។
គួរបញ្ជាក់ថា លោក សូលស៍ គឺជាអធិការបតីអាល្លឺម៉ង់ដំបូងគេដែលបានធ្វើទស្សនកិច្ចនៅប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ ២០១៥ ហើយជាមេដឹកនាំលោកខាងលិចដំបូងគេដែលបានជួបលោក លូឡា ចាប់តាំងពីគាត់បានក្លាយជាប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃទី១ ខែមករា បន្ទាប់ពីទំនាក់ទំនងនេះត្រូវជាប់គាំងរយៈពេល ៤ឆ្នាំក្រោមការដឹកនាំរបស់លោក Bolsonaro៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា
