មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើឱ្យមន្ត្រីពាក់ពាន់ ចូលរួមកែសម្រួលនូវខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួន និងទម្រង់របាយការណ៍ឱ្យបានសមស្របសម្រាប់យកទៅដាក់បញ្ចូលនៅក្នុងសន្និបាតអប់រំនាពេលខាងមុខ

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការរៀបចំរបាយការណ៍អនុវិស័យអប់រំក្រៅប្រព័ន្ធ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំជាន់ទី១ នៃអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំឱ្យសមាជិក សមាជិកាទាំងអស់ចូលរួមកែសម្រួលនូវខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួន និងទម្រង់របាយការណ៍ឱ្យបានសមស្របសម្រាប់យកទៅដាក់បញ្ចូលនៅក្នុងសន្និបាតអប់រំឆ្នាំ២០២១-២០២២ និងលើកទិសដៅឆ្នាំ២០២២-២០២៣។

កិច្ចប្រជុំនេះ បានផ្ដោតលើទម្រង់របាយការណ៍ និងខ្លឹមសារនៃកម្មវិធីទាំង៧របស់នាយកដ្ឋានអប់រំក្រៅប្រព័ន្ធរួមមាន កម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ក្រោយអក្ខរកម្ម ការចូលរៀនឡើងវិញ បង្កើនប្រាក់ចំណូល សមមូលបឋមសិក្សា សមមូលមធ្យមសិក្សា និងបំពេញវិជ្ជា។

កិច្ចប្រជុំ ក៏មានការបញ្ចេញមតិពីសមាជិក សមាជិកា អំពីទម្រង់របាយការណ៍ចុងក្រោយសម្រាប់សន្និបាតអប់រំឆ្នាំ២០២១-២០២២នេះ មានខ្លឹមសារកាន់តែប្រសើរឡើង ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner