ក្រសួងអប់រំ ចេញសេចក្ដីណែនាំបន្ថែម ពីការរៀបចំព្រឹត្តិការណ៍ ប្រកួតស្នាដៃគំនូរកុមារ គាំទ្រយុទ្ធនាការ Beyond The Games
អត្ថបទដោយ៖
អ៊ិត រ៉ាវុធ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំបន្ថែម ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងភាពរលូននៃព្រឹត្តិការណ៍ ការប្រកួតស្នាដៃគំនូរកុមារគាំទ្រយុទ្ធនាការ Beyond The Games ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ដែលមានការចូលរួមពីសិស្សានុសិស្ស ដែលកំពុងសិក្សានៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ចាប់ពីថ្នាក់ទី១ ដល់ទី៦ នៅទូទាំងប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីណែនាំបន្ថែម របស់ក្រសួងអប់រំ ដែលបានចេញសេចក្តីណែនាំនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចនេះថា៖
- តួនាទីគណៈគ្រប់គ្រងនៃគ្រឹះស្ថានបឋមសិក្សា
១៖ ផ្សព្វផ្សាយ និងជំរុញឱ្យសិស្សានុសិស្សដែលមានទេពកោសល្យផ្នែកសិល្បៈគំនូរ បានចូលរួមគូរគំនូរតាមប្រធានបទណាមួយក្នុងចំណោមប្រធានបទទាំង៣ មានដូចជា . សេចក្ដីស្រឡាញ់រួមគ្នាសម្រាប់ប្រទេសជាតិនិងមាតុភូមិ។ . ស្មារតីកីឡា នាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព។ ៣. កីឡាដែលប្អូនចូលចិត្ត និងការប្រកួតកីឡាស៊ីហ្គេមនិងប៉ារ៉ាហ្គេម ។
២៖ រៀបចំទីតាំងថ្នាក់រៀន ឬបន្ទប់បណ្ណាល័យសមស្របដែលសិស្សានុសិស្សអាចអង្គុយគូរគំនូរ និងផ្តល់លទ្ធភាព និងមធ្យោបាយ (ក្រដាសគូររូប ខ្មៅដៃពណ៍ទឹកថ្នាំពណ៍ បន្ទាត់ ជ័រលុប ) តាមលទ្ធភាពជាក់ស្តែង ជូនដល់សិស្សានុសិស្សដែលត្រូវការចាំបាច់
៣៖ សហការប្រមូលកិច្ចការគំនូរ និងជ្រើសរើសគំនូរដែលសមស្របតាមអត្ថន័យ និងខ្លឹមសារនៃប្រធានបទទាំង៣ របស់ព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារ ចំនួន៣ ឬ៥ផ្ទាំង ក្នុងប្រធានបទនីមួយៗ ឬតាមការចាំបាច់ ដើម្បីប្រគល់ជូនការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ តាមកាលបរិច្ឆេទកំណត់
៤៖ ពិនិត្យលទ្ធភាពជាក់ស្តែង ក្នុងការផ្តល់លិខិតសរសើរ ឬរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតស្នាដៃគំនូរកុមារ។ - តួនាទីលោកគ្រូ អ្នកគ្រូ តាមថ្នាក់រៀន
១៖ ពន្យល់ពីអត្ថន័យនៃប្រធានបទនីមួយៗ បណ្តុះផ្នត់គំនិត និងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្ស ឱ្យបានទូលំទូលាយបន្ថែមទៀត ពាក់ព័ន្ធភាពជាម្ចាស់ផ្ទះរបស់ព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលជាង៦០ឆ្នាំកន្លងមកនេះ។
២៖ ណែនាំបន្ថែមដល់សិស្សានុសិស្ស នូវចំណុចសំខាន់នៃពាក្យថា «លើសពីការប្រកួតកីឡា» គឺលើសពីការដណ្តើមយកចាញ់-ឈ្នះ ក្នុងទីលានប្រកួតកីឡា ប៉ុន្តែសិស្សានុសិស្សនិងប្រជាពលរដ្ឋគ្រប់រូប អាចចូលរួមក្នុងស្មារតី «បេះដូងលោតក្នុងចង្វាក់តែមួយ» ដើម្បីបង្ហាញសេចក្តីស្រឡាញ់ចំពោះជាតិនិងមាតុភូមិ
៣៖ រៀបចំពេលវេលាដើម្បីឱ្យសិស្សអាចគូររូបនេះនៅក្នុងថ្នាក់រៀន ហើយបំផុសសិស្សានុសិស្សឱ្យបន្តគូររូបនេះនៅផ្ទះរៀងៗខ្លួន ដោយមានការជួយកែលម្អ និងផ្តល់គំនិតបន្ថែមពីមាតាបិតានិងអាណាព្យាបាល
៤៖ លើកទឹកចិត្តឱ្យមាតាបិតានិងអាណាព្យាបាល ជួយផ្សព្វផ្សាយសកម្មភាពគូររូប របស់កុមារ នៅលើបណ្តាញទំនាក់ទំនងសង្គម តាមគ្រប់លទ្ធភាព៕ ដោយ-រ៉ាវុធ

