វិស័យធានារ៉ាប់រងក្នុងឆ្នាំ២០២២នេះ មានកំណើនជាវិជ្ជមាន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ថ្វីត្បិតតែរបាយការណ៍របស់សមាគមធានារ៉ាប់រងកម្ពុជា នៅក្នុងឆ្នាំ២០២២ មិនទាន់បានចេញជាផ្លូវការយ៉ាងណាក៏ដោយ តែប្រធានសមាគមធានារ៉ាប់រងកម្ពុជាលើកឡើងថា វិស័យធានា រ៉ាប់រងនៅកម្ពុជាមានកំណើនជាវិជ្ជមាននៅក្នុងឆ្នាំ២០២២ ខណៈ ដែលឆ្នាំ២០២៣ វិស័យនេះស្ថិតនៅភាពមិនប្រាកដប្រជា នៅ ឡើយ និងមានបញ្ហាប្រឈមមួយចំនួន។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជាបានប្រាប់ ឱ្យដឹងថា ការរីកចម្រើននៃវិស័យធានារ៉ាប់រង មានលក្ខណៈស្រប គ្នាទៅនឹងការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែល ដូចទៅនឹងវិស័យហិរញ្ញវត្ថុ និងធនាគារ ។

លោកបានបញ្ជាក់ថា ៖ «ក្នុងការព្យាករណ៍សេដ្ឋកិច្ចយើងឃើញថា មានកត្តាមិនប្រាកដប្រជាមួយចំនួនដែលអាចនឹងប៉ះពាល់ដល់សមិទ្ធផលសេ ដ្ឋកិច្ចនៅក្នុងឆ្នាំខាងមុខនេះ។ ទោះបីជាការព្យាករណ៍ របស់យើងចំពោះវិស័យនេះ មានភាពជាវិជ្ជមានក៏ដោយ ប៉ុន្តែតាម របាយការណ៍របស់រាជរដ្ឋាភិបាលបានលើកឡើងនូវភាពមិនប្រាកដប្រជាមួយចំនួន ដែលយើងត្រូវតែមានភាពបត់បែន ដើម្បី ទប់នឹងភាពមិនប្រាកដប្រជាដែលកើតឡើងហ្នឹ ង»។

លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធ ធានា រ៉ាប់រង Forte ក៏បានប្រាប់ឱ្យដឹងដែរថា ភាពមិនច្បាស់លាស់ នៃស្ថានភាពពិភពនាពេលបច្ចុប្បន្ន បានធ្វើឱ្យវិស័យធានារ៉ាប់រង ក្នុងឆ្នាំ២០២៣នេះ នឹងជួបប្រទះនូវបញ្ហាប្រឈមច្រើន ដូចជា តម្លៃធានារ៉ាប់រងបន្តកើនឡើងខ្ពស់ និងការកាត់បន្ថយការចំណាយ របស់អតិថិជនមួយចំនួនដោយសារបញ្ហាអតិផរណាជាដើម។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ នៅតែមានសុទិដ្ឋិនិយម ខ្ពស់ ចំពោះវិស័យធានារ៉ាប់រងនៅកម្ពុជាក្នុងការបន្តរីកចម្រើនបន្ថែមទៀត។
លោក យក់ ចំរើនឫទ្ធិ បានគូសបញ្ជាក់ទៀតថា បើទោះបីជាវិស័យ ធានារ៉ាប់រងនៅកម្ពុជានៅមានភាពក្មេងខ្ចី បើប្រៀបនឹងប្រទេស នានាក្នុងតំបន់ក្ដី ប៉ុន្ដែភាពរីកចម្រើនរបស់វិស័យនេះនៅកម្ពុជា គឺមានកម្រិតខ្ពស់។
លោកបានបញ្ជាក់ថា ៖ «ភាពមិនច្បាស់លាស់នៃស្ថានភាព សេដ្ឋកិច្ច ពិភពលោកដែលបង្កឡើងដោយឥទ្ធិពលនៃវិបត្តិកូវីដ១៩ វិបត្តិសង្រ្គាមនៅអ៊ុយក្រែននិងបញ្ហាអតិផរណា ក៏អាចជះ ឥទ្ធិពល អវិជ្ជមានខ្លះដែរដល់វិស័យធានារ៉ាប់រងសាកល រួមទាំងកម្ពុជា។ បញ្ហាប្រឈមដែលវិស័យធានារ៉ាប់រងកម្ពុជាអាចជួបប្រទះរួមមានថ្លៃធានារ៉ាប់រងអាចបន្តកើនឡើង និងការកាត់បន្ថយការ ចំណាយ របស់អតិថិជនជាដើម ហើយបញ្ហាទាំងនេះវានឹងផ្ទេរហានិភ័យ បន្តទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងបន្តអន្តរជាតិធំៗ»។

បើតាម លោក យក់ ចំរើនឫទ្ធិ នៅឆ្នាំ២០២២ ក្រុមហ៊ុនធានារ៉ាប់រង Forte មានផ្តោបក្តាប់ចំណែកទីផ្សារប្រមាណ៤៥ភាគរយ ក្នុង ចំណោមក្រុមហ៊ុនធានារ៉ាប់រងទូទៅទាំង១៨ ក្រុមហ៊ុន។លោក នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមថា វិស័យធានារ៉ាប់រងនៅកម្ពុជា នឹងនៅតែបន្តមានការរីកចម្រើនបន្ថែមទៀតនៅឆ្នា២០២៣នេះ។

យោងតាមរបាយការណ៍ពីសមាគមធានារ៉ាប់រងកម្ពុជា បាន បង្ហាញថា បុព្វលាភក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា គិត ត្រឹម ត្រីមាសទី៣ឆ្នាំ ២០២២នេះ សម្រេចបាន២៥៨,៧លាន ដុល្លារ កើនឡើង ១៥,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕
ដោយ៖វណ្ណ សុជាតា

ads banner