កម្មករនិយោជិតជាងបីពាន់នាក់ នៃសហគ្រាសជាង៣០ នៃវិស័យទេសចរណ៍ទទួលបានប្រាក់ឧបត្ថម្ភ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាស បើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល លើកទី៨៩ ទៅដល់កម្មករនិយោជិតជាង បីពាន់នាក់នៃសហគ្រាសជាង៣០នៃវិស័យទេសចរណ៍ដែលស្ថិតនៅក្នុងខេត្តសៀមរាប។

ការបើកផ្តល់នេះត្រូវបានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសនារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ទៅដល់កម្មករ និយោជិតចំនួន ៣ ២២៣នាក់ នៃសហគ្រាសទាំង៣៣ នៃវិស័យ ទេសចរណ៍ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

ក្រសួងបានបញ្ជាក់ថា ៖ «ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ ជា ប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ១២១ ៥០០រៀល (៣០ដុល្លារអាម៉េរិក) សម្រាប់ ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ហើយ ប្រាក់ ចំនួន ១៦២ ០០០រៀល (៤០ដុល្លារ) សម្រាប់ការព្យួរ កិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ មួយខែ»។
ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្ដល់មក ឱ្យក្រសួង តាមរយៈរដ្ឋបាលសហគ្រាសនាពេលកន្លងមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដោយបានសង្កត់ធ្ងន់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាមានការខកខាន មិនបាន ទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពី ទទួលបានសារតាមទូរសព្ទពីធនាគារ វីង។

ក្រសួងការងារ ក៏បានបញ្ជាក់ផងដែថា ៖ «ក្នុងករណីបងប្អូន កម្មករ និយោជិត ដែលបម្រើការងារនៅសហគ្រាសទាំង៣៣ នេះ មិនបាន ទទួលសារទូរសព្ទ ពីធនាគារ វីងនោះ សូមបងប្អូនទំនាក់ ទំនង សួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន»។

លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធវិស័យទេសចរណ៍ និង សេវាកម្ម កម្ពុជា បានឱ្យដឹងថា ជារឿងល្អមួយ ដែលក្រសួង បន្តបើក ប្រាក់ឧបត្ថម្ភជូនដល់កម្មករ-និយោជិតក្នុងវិស័យទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់នាពេលនេះ។

លោកបានបន្ថែមថា ការផ្តល់នេះជាការបង្ហាញពីការយកចិត្តទុក ដាក់ ដល់ពលរដ្ឋពីរាជរដ្ឋាភិបាល ប៉ុន្តែលោកក៏បានលើកទឹក ចិត្ត ដល់រដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យផ្សេងៗទៀត ឬវិស័យកាត់ដេរបន្តទៀតក្នុងករណីរដ្ឋាភិបាលមាន លទ្ធភាព គ្រប់គ្រាន់។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ខែមករារាជរដ្ឋាភិបាល កម្ពុជា បាន ចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេច បន្ត លើក លែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទលើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារ ទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដា និង មានសកម្មភាពអាជីវកម្ម នៅខេត្តសៀមរាម សម្រាប់រយៈ ពេល បីខែ គឺពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣។
រាជរដ្ឋាភិបាល ក៏បានសម្រេចបន្តផ្តល់ការសម្របសម្រួល តាមរយៈ ការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ២០១៩ និង មិនគិតការ ពិន័យ សម្រាប់ឆ្នាំ២០២៣ សម្រាប់វិស័យទេសចរណ៍៕
ដោយ៖នាង សុគន្ធា

ads banner